កីឡា

បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ ធ្វើដំណើរនៅខេត្តកំពត 

កំពត៖ ក្រុមកីឡាករ-កីឡាការិនីទំាងកុមារ និងយុវជនចំនួន១៨០នាក់ បានមកប្រមូលផ្តុំគ្នានៅក្លិបបាល់ទាត់ X Sport នៅក្រុងកំពត ជាមួយនឹងសំឡេងខ្ញៀវខ្ញារ និងទឹកមុខសប្បាយរីករាយសកម្មភាព ចូលរួមព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ លើកទី២ហើយ ក្រោមសហការរវាងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ជាមួយនឹងក្រុមហ៊ុន AIA Cambodia ក្នុងចំណោមការប្រកួតចំនួន៥លើក គ្រោងនឹងធ្វើក្នុងឆ្នាំនេះនៅទូទាំងប្រទេស ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋាន ដ៏ធំបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដោយចាប់តាំងពីការកកើតឡើង នៃកិច្ចសហការ មួយនេះ ស្ថាប័នទាំងពីរបានកត់សម្គាល់ឃើញថា កុមារ និងយុវជនមានឱកាសម្រាប់ចូលរួមប្រកួតប្រជែង ក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ ជាហេតុធ្វើឲ្យកុមារ និងយុវជនមួយចំនួនត្រូវធ្វើដំណើរជាង ៨ម៉ោងពីខេត្តផ្សេងៗ ដើម្បីមកប្រកួតបាល់ទាត់នៅភ្នំពេញ ។

ដោយប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនលទ្ធភាពចូលរួម របស់កីឡាករ-កីឡាការិនី អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សយ៉ាងខ្លាំង ក្នុងការពង្រីកវិសាលភាពនៃការ ប្រកួតនេះ ដោយកំណត់រៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជននៅខេត្តក្រុងចំនួន៤៖ រាជធានី ភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺនឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២,០០០នាក់ នៅទូទាំងប្រទេសឲ្យមកចូលរួមប្រកួតប្រជែងគ្នា ។

លោក សូ ភារិទ្ធិ ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាក្រុងកំពត បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ចំពោះសារៈសំខាន់នៃការផ្តល់ ឱកាសលេងកីឡាដល់កុមារ និងយុវជនកម្ពុជាថា ពួកយើងពិតជាសប្បាយរីករាយណាស់ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជននេះនៅខេត្តរបស់យើងនៅឆ្នាំនេះ ដើម្បីផ្តល់ឱកាស ឲ្យកីឡាករឲ្យមកចូលរួមកាន់តែច្រើន ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់បែបនេះបានជួយលើកទឹកចិត្ត ឲ្យកុមារ និងយុវជនចាប់ផ្តើមលេងកីឡា និងក្លាយជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវចិត្ត និងកាយនា ថ្ងៃអនាគត ដែលវាក៏ស្របទៅនឹងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

កីឡាការនី ជិម អាយុ១៤ឆ្នាំ មកពីក្រុមបាល់ទាត់កុមារីអាយុក្រោម១៤ឆ្នាំបាន សំដែងក្តីរំភើប ដែលទទួលបានឱកាសមកចូលរួមប្រកួតប្រជែងជាមួយក្រុមដទៃថា ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមប្រកួតបាល់ទាត់ឆ្នាំនេះនៅក្រុងកំពត ដែលជាស្រុកកំណើតរបស់ខ្ញុំ ។ ខ្ញុំ និងក្រុមរបស់ខ្ញុំបានហ្វឹកហាត់ច្រើនណាស់ ដើម្បីត្រៀមចូលរួមប្រកួត ហើយខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតជាមួយក្រុមដទៃ ។

លោក រស់ ភារី ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន AIA Cambodia ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ បើកការប្រកួតនេះក៏បានចែករម្លែកថា នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំការ ប្រកួតបាល់ទាត់វិលជុំនៅក្រុងកំពត ។ ពួកយើងពិតជាមានក្តីសោមនស្សក្នុងការសហការជាមួយនឹង អង្គការនេះ ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់កុមារ និងយុវជនក្រីក្រ តាមរយៈកីឡា ។ ក្រៅពីអត្ថប្រយោជន៍របស់កីឡា ចំពោះសុខភាព វាក៏ជួយលើកកម្ពស់ការធ្វើការជាក្រុម សមភាព និងសាមគ្គីភាពទៀតផង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ នៅក្រុងកំពត នឹងប្រព្រឹត្តទៅរយៈពេលបួនសប្តាហ៍ជាប់ៗគ្នា ។ ក្រុម ដែលឈ្នះក្នុងការប្រកួតនៅក្រុងកំពតនឹង ត្រូវមកចូលរួមប្រកួតប្រជែងជាមួយកីឡាករ កីឡាការនីចំនួន ៣០០នាក់ទៀត មកពីខេត្ត ក្រុង ចំនួនបីក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅរាជធានីភ្នំពេញ ៕

Most Popular

To Top