ភ្នំពេញ៖ការប្រកួតកីឡាសិស្សមធ្យមសិក្សារាជធានីភ្នំពេញប្រចាំឆ្នាំសិក្សា ២០២១-២០២២នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃដោយគណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភី លើ៦ប្រភេទកីឡាដូចជាប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុ ដោយប្រភេទកីឡាទាំងនេះមានទាំងវិញ្ញាសាយុវជន-យុវនារី។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រកួត និងកីឡាករ-កីឡាការិនី ទាំងអស់ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកកីឡាដ៏ពិតប្រាកជាធាតុសំខាន់នៃសេចក្តីថ្លៃថ្នូរ យុត្តិធម៌ មិត្តភាព និង សាមគ្គីភាព និងបានចូលរួមអនុវត្តនូវវិធានការការពារជំងឺCOVID-19 នៃព្រឹត្តការណ៍នេះដែរ។ លោកក៏បានស្នើឲ្យបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពិនិត្យ និងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំគ្រប់គ្រង តាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និងសមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ុក ចន្ថា បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ត្រូវព្យាយាមបន្តការ ហ្វឹកហាត់ ដើម្បីថែរក្សា និងបង្កើនសមត្ថភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការដណ្តើមមេដាយនាឆ្នាំបន្តបន្ទាប់ ជាពិសេសសូមឲ្យរក្សានូវវិន័យ សេចក្តិថ្លៃថ្នូ មានសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរក្សាសេចក្តីថ្លៃថ្នូ និងកិត្តិយសខ្លួនយើងផងដែរ។
ផ្អែកលើការអភិវឌ្ឍនេះ មន្ទីរអប់រំបាននិងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរ ទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយលែកការងារអប់រំកាយ និងកីឡា ដោយអនុវត្តកាល វិភាគ នៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅស្តង់ដាក្នុងតំបន់ ក៏ដូចជាពិភពលោក៕
ដោយ៖លី ភីលីព






