ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីបាល់បោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ វិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារីជាវិញ្ញាសាដែលសហព័ន្ធកីឡាបាល់បោះ កម្ពុជាកំពុងជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ខណៈវិញ្ញាសា ៣ទល់៣នេះជាវិញ្ញាសាអទិភាពនៃគោលដៅប្រជែង មេដាយ SEA GAMES ២០២១-២០២៣។
ក្រុមកីឡាករបាល់បោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមកីឡាករបាល់បោះក្រសួងមហាផ្ទៃ A នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យក្រុមកីឡាករបាល់បោះ ក្រសួងមហាផ្ទៃ Aបានត្រឹមជើងឯករង ចំណែកក្រុមកីឡាករបាល់បោះក្រសួងមហាផ្ទៃ B ទទួលបានចំណាត់ថ្នាក់លេខ៣។ ក្រុមនារីវិញ៖ក្រុមកីឡាករបាល់បោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបA យកឈ្នះលើក្រុមកីឡាករបាល់បោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប B ចំពោះក្រុមកីឡាករបាល់បោះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ Aទទួលបានចំណាត់ថ្នាក់លេខ៣។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើន គួរឲ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម កីឡាកសាងមនុស្ស មនុស្សកសាងសង្គម ហើយទទួលបាន នូវការចាប់អារម្មណ៍ ចូលរួមគាំទ្រ និងលេងកីឡា ដើម្បីសុខភាពពីប្រជាជន ជាពិសេសយុវជនយ៉ាងច្រើន ដោយឡែកកីឡា កម្រិតខ្ពស់ក៏ទទួលលទ្ធផលល្អទាំងក្នុងការប្រកួតជាតិ និងអន្តរជាតិ ហើយទទួលបានការអបអរសាទរពីមហាជនរហូតដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកបានបន្តថា ដើម្បីឲ្យការរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ទទួលបានជោគជ័យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សមត្ថមភាព សាមគ្គីភាព និងយោគយល់គ្នា គិតប្រយោជន៍រួមជាធំ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយ សរុប អនុវត្តភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីទទួលបានជោគជ័យឆ្នាំ២០២៣។
ការនេះមានក្រុមចូលរួមសរុបចំនួន ២៤ក្រុម ក្នុងនោះផ្នែកបុរស១៧ក្រុម និងផ្នែកនារី មាន៧ក្រុម ដោយសរុបទាំងប្រតិភូដឹកនាំមកពីក្លិបរាជធានីខេត្តចំនួន ១២០នាក់។ ប្រកួតកម្រិតខ្ពស់នេះ សហព័ន្ធរៀបចំការប្រកួតទម្រង់ ៣នាក់ទល់៣នាក់ ខុសប្លែកពីរៀងរាល់ឆ្នាំ ដែលប្រកួត ៥ទល់៥នាក់ ចំណែកប្រកួតទម្រង់ ៣នាក់ទល់៣នាក់នេះ គឺសហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA) ជំរុញឲ្យបណ្តាប្រទេសនានារៀបចំទម្រង់ ៣ទល់៣នាក់នេះ ស្របពេលដែលប្រភេទវិញ្ញាសាអំណោយផលល្អ៕ដោយ៖លី ភីលីព