ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានប្រកាស បើកការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ រយៈពេល៥ថ្ងៃ ដែលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ នៅតាមទីលាន របស់ខេត្ត ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេង ចូលរួមការប្រកួត ទូទំាំងប្រទេស ។
លោក ពេជ្រ ណារ៉េត អនុប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ គឺជាការប្រកួតមួយ ដើម្បីជ្រើស រើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀម ចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះដែលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡា៤ប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។
លោកបានបន្តថា សម្រាប់ក្រុមកីឡាបាល់ទះ៦ស្រុករួមមាន ៖ក្រុមកីឡាបាល់ទះក្រុងតាខ្មៅ ក្រុមកីឡាបាល់ទះស្រុកស្អាង ក្រុមកីឡាបាល់ទះស្រុកកោះធំ ក្រុមកីឡាបាល់ទះ ស្រុកកណ្តាលស្ទឹង ក្រុមកីឡាបាល់ទះ ស្រុកអង្គស្នូល និងក្រុមកីឡាបាល់ទះស្រុកល្វាឯម ។ ចំណែកបាល់ទាត់កុមារា និងកុមារីមាន ៦ក្រុម ៖ បឋមសិក្សាក្រុងតាខ្មៅបឋមសិក្សា ស្រុកល្វាឯម បឋមសិក្សា ស្រុកខ្សាច់កណ្តាល បឋមសិក្សាស្រុកកោះធំ បឋមសិក្សាស្រុកកៀនស្វាយ និងបឋមសិក្សា ស្រុកកណ្តាលស្ទឹង ។
ចំពោះបាល់ទាត់កុមារី មាន២ក្រុម ៖ បឋមសិក្សាក្រុងតាខ្មៅមាន២ក្រុម និងបឋមសិក្សាស្រុកកណ្តាលស្ទឹង មាន២ក្រុមដែរ ៕
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕