ភ្នំពេញ ៖ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ សហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត-១កីឡា អត្តពលកម្ម មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន ជាតិ មរតកតេជោ អញ្ជើញចូលរួមពីសំណាក់ លោក លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន សហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និង លោក VALSON CUDDIKOTTA ជាគ្រូឧទ្ទេសកម្រិតអាស៊ី ។
លោក សំហេង បុរស បានមានប្រសាសន៍ថា ដោយថ្នាក់ដឹកនាំសហព័ន្ធ និងអគ្គនាយកកីឡាបានលើកទឹកចិត្ត ដល់ពួកគាត់ឲ្យខិតខំក្រេប ជញ្ជក់ចំណេះដឹង ដើម្បីពង្រឹងសមត្ថភាព សម្រួចគោលដៅឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា ។ នៅឆ្នាំក្រោយនេះ កម្ពុជានឹងរៀបចំ SEA GAMES ដូច្នេះ ដើម្បីចូលរួមដឹកនាំគ្រប់គ្រង រៀបចំការប្រកួត ក្នុងកម្រិតតំបន់បែបនេះ បានលុះត្រាតែយើងទាំងអស់គ្នា ខិតខំធ្វើកិច្ចការនេះ ឲ្យខ្លាំងក្លា ពីព្រោះថា ប្រភេទកីឡាអត្តពលកម្ម មិនធ្លាប់ធ្វើម្ចាស់ផ្ទះ កម្រិតតំបន់នោះទេ ។
ប្រធានសហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្ត សង្កត់ធ្ងន់ថា ខ្ញុំគិតថា ដើម្បីពង្រឹងឲ្យអាជ្ញាកណ្តាល ចៅក្រម មានបទ ពិសោធកាន់ តែច្រើន គឺយើងត្រូវការចូលរួមការ ប្រកួតឲ្យបានច្រើន នៅក្នុងស្រុក និងកំពុងស្នើសុំបញ្ជូនមន្ត្រីយើងមួយចំនួន ទៅស្រង់បទពិសោធ ពីក្នុងការប្រកួត កីឡា SEA GAMES លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម មុនឆ្ពោះមក SEA GAMES បន្តវេន លើកទី៣២ នៅកម្ពុជាយើង ។
លោក អ៊ុក សិទ្ធិ បានមានប្រសាសន៍ថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសង្គមជាតិ ដោយយើងត្រូវការចំាបាច់នូវធនធានមនុស្ស ចំពោះធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម នៅក្នុងវគ្គនេះ ក៏មានសារសំខាន់ដូចគ្នាផងដែរ ដើម្បីអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះ ។ ដូច្នេះមន្ត្រីអាជ្ញាកណ្តាល ចៅក្រមទាំងអស់មានតួនាទីសំខាន់ណាស់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនេះ» ។
លោកអគ្គនាយកីឡាលើកឡើងទៀតថា ក្នុងពេលដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅចម្បងៗមួយចំនួន ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធាន មនុស្ស ទាំងមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីស្វែងរកធនធាន មនុស្សឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពខ្ពស់ៗ ។
ចំពោះការពាក់ព័ន្ធនឹងការប្រកួត ពីមុន អង្គភាពជំនាញក្រោម ចំណុះក្រសួងអប់រំ យុវជន និងកីឡាជាអ្នករៀបចំ ប៉ុន្តែដើម្បីសម្រួចគោលដៅ អភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានផ្ទេរភារកិច្ច នៃការរៀបចំការប្រកួតនេះ ជូនទៅសហព័ន្ធកីឡាជាតិនានា ជាអ្នករៀបចំដោយខ្លួនឯង ។ ចំពោះកំណែ ទម្រង់សំខាន់មួយទៀត គឺការពង្រឹងគុណភាព សហព័ន្ធកីឡាជាតិ ក្រសួងក៏បានផ្តល់ ជូនកញ្ចប់ថវិកាគាំទ្រ ប្រចាំឆ្នាំនីមួយៗទៅដល់សហព័ន្ធសាម៉ី ដើម្បីដំណើរការអភិវឌ្ឍ ឲ្យមានភាពរឹងមាំដោយខ្លួនឯង ។
វគ្គបណ្តុះបណ្តាលមន្ត្រី បច្ចេកទេស អត្តពលកម្មអន្តរជាតិកម្រិត១ នេះដំណើរការរយៈពេល៥ថ្ងៃ ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខកាម ចំនួន២៥នាក់ ក្រោមការបង្ហាត់ បង្រៀនពីលោក VALSON CUDDIKOTTA ជាគ្រូឧទ្ទេសកម្រិតអាស៊ី ៕ដោយ៖លី ភីលីព