ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគគ្គនាយក នៃអគគ្គនាយកដ្ឋាន និងលោកឧកញ៉ា លាង ឃុន អនុប្រធាន សហព័ន្ធ កីឡាប៉េតង់ និងប៊ូលកម្ពុជា បានអញ្ជើញចូលរួមពីធីបើក ការប្រកួតកីឡាប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងពីធីសម្ភោធ ទីលានប៉ូលនិងប៉េតង់ ជាផ្លូវការ នៅវិទ្យាស្ថានជាតិអប់រំ កាយនិងកីឡា រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ។
លោក ព្រុំ ប៊ុណ្ណយី ប្រធានគណកម្មការរៀបចំការ ប្រកួតបាននិយាយថា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាប៊ូល និងប៉េតង់នៅកម្ពុជា ប្រកបដោយការយកចិត្ត ទុកដាក់ និងមានភាពរីក ចម្រើន ល្បីសុះសាយ ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាសកម្មភាព ការប្រកួតនានា របស់សហព័ន្ធ ។ តួយ៉ាងក្នុងថ្ងៃនេះ គឺជាការបើកការ ប្រកួត កីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលយើងបានអូសបន្លាយ ពេលដោយសារវិបត្តិ ជាសាកល ជំងឺកូវីដ-19 ។
លោកបន្តថា យើង ក៏មិនអាចបំភ្លេច បានចំពោះថ្នាក់ដឹកនាំមុនដែលបានត្រួសត្រាយផ្លូវ ដឹកនាំអភិវឌ្ឍន៍ វិស័យកីឡាប៊ូល និងប៉េតង់ កម្ពុជា ឲ្យមានភាព រីកចម្រើន ដូចសព្វថ្ងៃ ។ ឆ្លៀតក្នុងឱកាសនេះគណៈកម្មការ បច្ចេកទេស បានរៀបចំកិច្ចប្រជុំ និងការប្រកួតជ្រើសរើស កីឡាករ-កីឡាការិនី ត្រៀមចេញទៅគណៈកម្មការ បច្ចេកទេស បានរៀបចំកិច្ចប្រជុំ និងការប្រកួតជ្រើសរើសកីឡាករ កីឡាការិនី ត្រៀមចេញទៅ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួត WORLD Championship នៅ ប្រទេសដាណឺម៉ាក ។
លោក ស សុខា បានមានប្រសាសន៍ថា តំាំងនាមជាប្រធានសហព័ន្ធ សូមកោតសរសើរដល់មន្ត្រី ប៉េតង់កម្ពុជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរបស់សហព័ន្ធទាំងអស់បាន យកចិត្តទុកដាក់ក្នុងការដឹកនាំ សហព័ន្ធឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍប្រកបដោយ និរន្តរភាព ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣១ និងលើកទី៣២ ដែលកម្ពុជា ទទួលជាម្ចាស់ផ្ទះនៃការប្រកួត។ ឆ្លៀតក្នុងឱកាសនេះ តំណាងឲ្យសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះក្រសួងអប់រំ យុវជន និងកីឡា អង្គការ សង្គមកីឡា ក្រុមហ៊ុនឯកជន សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុង ការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ឱ្យកាន់តែទទួលបានការគាំទ្រ និង សុសសាយទាំងថ្នាក់ជាតិ និង អន្តរជាតិ ។
លោកបានបន្តថា ជាមួយគ្នានេះផងដែរ ភាពជោគជ័យលើវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ទូទាំងប្រទេសទាមទារ ឱ្យមានការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធដោយផ្ទាល់ ដូចគ្ន ទៅនឹងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺ ចាប់ផ្តើមពីការស្រឡាញ់ មហិច្ឆតានៃការដណ្ដើមយក នូវមោទនភាពជូនជាតិ និងការបង្ហាញកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ដែលស្មារតីទាំងនេះ បានធ្វើ ឱ្យថ្នាក់ដឹកនាំជំនាន់មុន របស់សហព័ន្ធកីឡាប៊ូល និង ប៉េតង់ ហ៊ានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា ដ៏មមាញឹក និងធនធានផ្ទាល់ខ្លួន ដើម្បីជំរុញកីឡាប៊ូល និងប៉េតង់ រហូតឈាន ដល់ការ ទទួលស្គាល់ពី សំណាក់ សហព័ន្ធកីឡាប៉េតង់អន្តរជាតិថា “កម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់” ដែល សមិទ្ធផល ដ៏ធំធេងនេះ គឺពុំអាចកើតមានឡើង ប្រសិនបើមិនមានវត្តមានថ្នាក់ដឹកនាំ ដ៏ឆ្នើមរបស់យើង នោះគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដ៏ទៃទៀត ដែលបានរួមគ្នាផ្តួច ផ្ដើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ។
ប្រធានសហព័ន្ធ ខាងលើនេះ ក៏បានសរសើរពីការរីកចម្រើន ក្រុមយុវជនតាមបណ្ដាខេត្តនានា ដែលមានសមត្ថភាព លេចធ្លោ និងមានបទពិសោធ ប្រកួតគួរឲ្យកត់ សម្គាល់ ដែលអាចប្រជែងជាមួយក្រុមខ្លាំង ដូចជាជម្រើសជាតិទៀតផង ។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូបន្តប្រឹង ប្រែងជំរុញ និងលើកទឹកចិត្ត ដល់ក្រុមយុវជន បន្តទៀត ដើម្បីជាធនធានស្នងអ្នកចាស់ ៗ ។ ចំពោះការប្រកួតនៅព្រឹកនេះ សូមកីឡាករ កីឡាការិនី ចូលរួមទាំងអស់ ប្រឹងប្រែងប្រកួត ឲ្យអស់ ពីសមត្ថភាព និងព្យាយាមកែតម្រូវ ចំណុច ខ្វះខាតរបស់ខ្លួន ដែលធ្វើមិនបានល្អ ។ ចំណែកអ្នក ដែលឈ្នះការប្រកួតក៏បន្តខំប្រឹងហ្វឹក ហាត់បន្ថែមទៀត ដែរមិនត្រូវបណ្ដោយនោះទេ ៕ដោយ៖លី ភីលីព