ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគគ្គនាយកនៃអគគ្គនាយកដ្ឋាន និងលោកឧកញ៉ា លាង ឃុន អនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានអញ្ជើញចូលរួមពីធីបើកការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និងពីធីសម្ភោធទីលានប៉ូលនិងប៉េតង់ជាផ្លូវការនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
លោក ព្រុំ ប៊ុណ្ណយី ប្រធានគណកម្មការរៀបចំការប្រកួតបាននិយាយថា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាប៊ូល និងប៉េតង់នៅកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងមានភាពរីកចម្រើន ល្បីសុះសាយ ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាសកម្មភាពការប្រកួតនានារបស់សហព័ន្ធ។ តួយ៉ាងក្នុងថ្ងៃនេះ គឺជាការបើកការប្រកួត កីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលយើងបានអូសបន្លាយពេលដោយសារវិបត្តិជាសាកល ជំងឺកូវីដ-19។
លោកបន្តថា យើងក៏មិនអាចបំភ្លេចបានចំពោះថ្នាក់ដឹកនាំមុនដែលបានត្រួសត្រាយផ្លូវ ដឹកនាំអភិវឌ្ឍន៍ វិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះគណៈកម្មការបច្ចេកទេស បានរៀបចំកិច្ចប្រជុំ និងការប្រកួតជ្រើសរើសកីឡាករ-កីឡាការិនី ត្រៀមចេញទៅគណៈកម្មការបច្ចេកទេស បានរៀបចំកិច្ចប្រជុំ និងការប្រកួតជ្រើសរើសកីឡាករ កីឡាការិនី ត្រៀមចេញទៅ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតWORLD Championship នៅ ប្រទេសដាណឺម៉ាក។
លោក ស សុខា បានមានប្រសាសន៍ថា តំាំងនាមជាប្រធានសហព័ន្ធសូមកោតសរសើរដល់មន្ត្រី ប៉េតង់កម្ពុជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរបស់សហព័ន្ធទាំងអស់បានយកចិត្តទុកដាក់ក្នុងការដឹកនាំសហព័ន្ធឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍប្រកបដោយ និរន្តរភាព ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ និងលើកទី៣២ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះនៃការប្រកួត។ ឆ្លៀតក្នុងឱកាសនេះ តំណាងឲ្យសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា អង្គការ សង្គមកីឡា ក្រុមហ៊ុនឯកជន សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុង ការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ឱ្យកាន់តែទទួលបានការគាំទ្រ និងសុសសាយទាំងថ្នាក់ជាតិ និង អន្តរជាតិ។
លោកបានបន្តថា ជាមួយគ្នានេះផងដែរ ភាពជោគជ័យលើវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ទូទាំងប្រទេសទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធដោយផ្ទាល់ ដូចគ្ន ទៅនឹងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺចាប់ផ្តើមពីការស្រឡាញ់ មហិច្ឆតានៃការដណ្ដើមយក នូវមោទនភាពជូនជាតិ និងការបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលស្មារតីទាំងនេះ បានធ្វើ ឱ្យថ្នាក់ដឹកនាំជំនាន់មុនរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់ ហ៊ានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា ដ៏មមាញឹក និងធនធានផ្ទាល់ខ្លួន ដើម្បីជំរុញកីឡាប៊ូល និងប៉េតង់រហូតឈានដល់ការទទួលស្គាល់ពី សំណាក់ សហព័ន្ធកីឡាប៉េតង់អន្តរជាតិថា “កម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់” ដែល សមិទ្ធផលដ៏ធំធេងនេះ គឺពុំអាចកើតមានឡើង ប្រសិនបើមិនមានវត្តមានថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើង នោះគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដ៏ទៃទៀត ដែលបានរួមគ្នាផ្តួច ផ្ដើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន។
ប្រធានសហព័ន្ធខាងលើនេះក៏បានសរសើរពីការរីកចម្រើនក្រុមយុវជនតាមបណ្ដាខេត្តនានាដែលមានសមត្ថភាពលេចធ្លោ និងមានបទពិសោធប្រកួតគួរឲ្យកត់សម្គាល់ដែលអាចប្រជែងជាមួយក្រុមខ្លាំងដូចជាជម្រើសជាតិទៀតផង។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូបន្តប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់ក្រុមយុវជនបន្តទៀតដើម្បីជាធនធានស្នងអ្នកចាស់ៗ។ចំពោះការប្រកួតនៅព្រឹកនេះសូមកីឡាករ កីឡាការិនីចូលរួមទាំងអស់ប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងព្យាយាមកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនដែលធ្វើមិនបានល្អ។ ចំណែកអ្នកដែលឈ្នះការប្រកួតក៏បន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតដែរមិនត្រូវបណ្ដោយនោះទេ៕