លោក Thomas Tuchel បាននិយាយថា លោកនឹងដឹកកីឡាករ Chelsea ទៅប្រកួតជាមួយរថយន្ត៧កៅអី ប្រសិនបើក្លឹបមិន មានលទ្ធភាពជិះយន្តហោះ។

កាលពីសប្ដាហ៍មុន ម្ចាស់ក្លឹប Chelsea លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្ម ដោយសារតែលោក មានទាក់ទងជាមួយប្រធានាធិបតី Vladimir Putin។ ក្លឹប Chelsea ពេលនេះត្រូវជាប់បម្រាមជាច្រើនដូចជា ការផ្ដល់កុងត្រាថ្មីឲ្យកីឡាករ និងទិញកីឡាករថ្មី ចូលជាដើម។
Chelsea ក៏មិនអាចលក់សំបុត្រ ឲ្យអ្នកចូលទស្សនា ចូលមើលបានទៀតផង ។ អ្វីដែលពួកគេអាចរកលុយបាន គឺការលក់អាហារនិងភេសជ្ជៈនៅក្នុងការប្រកួតក្នុងដី។ តាមដំណឹង Chelsea នឹងមិនមានលទ្ធភាព ជិះយន្តហោះឯកជន ហើយប្រហែលជាត្រូវស្វែងរកជិះយន្តហោះ ក្នុងកម្រិតថវិកាដើម្បីទៅលេងជាមួយ Lille ។
ក្នុងនោះគេក៏បានដឹងទៀតថា Chelsea អាចចំណាយបានត្រឹមតែ២ ម៉ឺនផោនប៉ុណ្ណោះសម្រាប់ការប្រកួតក្រៅដីម្ដងៗ។ សាកសួរលោក Tuchel ថាបារម្ភទេចំពោះការប្រកួតទល់នឹង Lille នៅ UCL ពាក់កណ្ដាលសប្ដាហ៍នេះ? បុរសសញ្ជាតិអាល្លឺម៉ង់បានឆ្លើយថា៖ “ពួកយើងស្រឡាញ់បាល់ទាត់។ ដូច្នេះប្រសិនបើយើងមានយន្តហោះ យើងនឹងជិះយន្តហោះ។ ហើយបើគ្មាន យើងនឹងជិះរថភ្លើង។ ហើយបើគ្មាន ទៀតយើងជិះឡានក្រុង។ ហើយបើគ្មានទៀត ខ្ញុំនឹងយករថយន្ត៧កៅអីដឹកកីឡាករ” ៕
