កីឡា

ខេមរាសហព័ន្ធតេក្វាន់ដូ WTបញ្ជូនក្រុមអត្តពលិកទៅ ហ្វឹកហាត់ត្រៀម SEA GAMES 2O21 និងការប្រកួតជើងឯក កម្រិតពិភពលោក នៅកូរ៉េ

ភ្នំពេញ៖ខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីមួយចំនួនទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េខាងត្បូងដែលមានរយៈពេល២១ថ្ងៃនាមេសា ឆ្នាំ២O២២លើប្រភេទទម្ងន់មានសក្តានុពលសម្រាប់ការដណ្តើមមេដាយព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2O21 ប្រប្រឹត្តិទៅនាឧសភា និងចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT កម្រិតពិភពលោកនៅសាធារណរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរាសហព័ន្ធតេក្វាន់ដូ WTបានមានប្រសាសន៍ឲ្យដឹងថា ការប្រកួ តកីឡា SEA GAMES 2O21 នៅវៀតណាមកាន់តែជិតមកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់មានសក្តានុពល និងចូលរួមការប្រកួតកម្រិតពិភពលោកទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េខាងត្បូងដែលមានរយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២O២២ខាងមុខនេះ ការហ្វឹកហាត់នេះប្រព្រឹត្តនៅសាកលវិទ្យាល័យ Shinsung ខេត្ត Chungcheongnam-do ។

លោកបណ្ឌិតបន្តថា ខេមរាបញ្ជូនតែវិញ្ញាសាមេគុនចំនួន៤នាក់ហ្វឹកហាត់ពង្រឹកសមត្ថភាពបន្ថែមដើម្បីចូលរួមកម្រិតពិភពលោក “World Taekwondo Poomsae Championships 2O22” នៅGoyang នៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។ ចំណែក ៥ វិញ្ញាសាដែលសង្ឈឹមបានមេដាយ SEA GAMES រួមមានវិញ្ញាសាប្រយុទ្ធបុរសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៨៧ គីឡូក្រាម វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម និងវិញ្ញាសាមេគុនឯកត្តជនបុរស។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា យើងបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូ WTទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2O21 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមបានត្រៀមចំនួន១៣ វិញ្ញាសាដែលម្ចាស់ផ្ទះកំណត់។ ការប្រកួត SEA GAMES 2O21ដាក់វិញ្ញាសា ១៩ វិញ្ញាសា ប៉ុន្តែចូលរួមច្រើនបំផុតបាន១៣ វិញ្ញាសាប៉ុណ្ណោះក្នុងមួយប្រទេស លើកលែងម្ចាស់ផ្ទះមានសិទ្ធដាក់១៩វិញ្ញាសាពេញតែម្តង៕ដោយ៖លី ភីលីព

Most Popular

To Top