កីឡា

សហព័ន្ធកីឡា វាយកូនឃ្លី លើតុកម្ពុជាបើកកិច្ចប្រជុំពិសេស ប្រចាំត្រីមាសត្រៀម SEA GAMES នៅវៀតណាម

ភ្នំពេញ ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសប្រចាំត្រីមាសក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ស៊ុន សុទ្ធារឹទ្ធិ អគ្គលេខាធិការសហព័ន្ធ បានធ្វើរបាយការណ៍ ពាក់ព័ន្ធទៅនិងការងាររដ្ឋបាល និងការបណ្តុះបណ្តាលបច្ចេកទេស ការរៀបចំការងារប្រកួត ការងារបណ្តុះបណ្តាល និងបច្ចេកទេស ក៍ដូចជាចំណុចខ្លាំង និងខ្សោយដែលត្រូវបំពេញបន្ថែម ដើម្បីធ្វើឲ្យប្រភេទកីឡា អូឡាំពិកមួយនេះ ទទួលបានជោគជ័យនាពេលខាងមុខ ។ជាលិទ្ធផលក្នុងកិច្ចប្រជុំ ក្រៅពីពិភាក្សា អំពីបញ្ហា និង ដំណោះស្រាយផ្សេងៗ អង្គប្រជុំក៍បានឯកភាព ក្នុងការបង្កើតមូលនិធិ ពិសេសមួយ ដើម្បីទ្រទ្រង់ដល់សកម្មភាពហ្វឹកហាត់ របស់អត្តពលិក និងការចំណាយផ្សេងៗដែលចាំបាច់ និងជាតំរូវការដែលមិនអាចខ្វះបាន ។

ក្រៅពីនេះ សហព័ន្ធក៍មានគោលការណ៍ នៅក្នុងការជ្រើសរើសគ្រូបង្វឹក ដើម្បីមកបង្ហាត់ដល់អត្តពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ គឺ លោកគ្រូជនជាតិកូរ៉េ ដែលមានជំនាញ និង ធ្លាប់ជាជើងឯកនៃប្រភេទកីឡា វាយកូនឃ្លីលើតុនេះ។មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធក៍បានកំណត់ពីប្រាក់រង្វាន់លើកទឹកចិត្តដល់ កីឡាករ – កីឡាការិនីត្រូវចូលរួមការប្រកួតក្នុងព្រឹត្តការណ៍កីឡា SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ចំពោះអ្នកដែលដណ្តើមបានមេដាយមាសទទួលបាន ថវិការចំនួន១ ម៉ឺនដុល្លាអាមេរិក និង ប្រាក់ ទទួលបានប្រាក់រង្វាន់ចំនួន ៥ពាន់ដុល្លាអាមេរិកផងដែរ ។

ស្ថិតក្នុងតំណាក់កាលប្រមូលផ្តុំក្រុមជម្រើសជាតិ ដែលធ្វើឡើងដោយក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាវាយកូនខ្លីលើតុ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធជាប្រធាន បានគិតគូដល់សុខទុក្ខ កីឡាករ – កីឡាការិនីជាខ្លាំង ដោយឯកឧត្តម បានឧបត្តម្ភថវិការផ្ទាល់ខ្លួន ជូនដល់ពួកគេ ក្នុងមា្នក់ៗចំនួន២០០ ដុល្លា ។ បន្ថែមពីនោះ ក៍បានគិតគូចំពោះការហូបចុកស្នាក់នៅ ដោយឯកឧត្តម ប្រធាន បានផ្តល់របបអាហាររៀងរាល់សប្តាហ៍ ជាប្រចាំផងដែរ ។

ក្រៅពីនោះ ក៍ទទួលបាននូវការយកចិត្តទុកដាក់ របស់លោក គណៈប្រតិបិត្ត ព្រមទាំងដៃគូឧបត្តម្ភមួយចំនួនទៀត ដែលបានធ្វើឲ្យ អត្តពលិកមានភាពកក់ក្តៅ និង មានកំលាំងចិត្តនៅក្នុងការប្រកួតនាពេលខាងមុខ៕ដោយ៖លី ភីលីព

Most Popular

To Top