កីឡា

ក្លិបតុងហ្គីលម៉ូដូ ចំនួន៨ ចូលរួមការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកប្រចាំឆ្នាំ ២0២១ នៅខេត្តបាត់ដំបង

ភ្នំពេញ៖លោក Hajime Saito ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិន និងលោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២0២១ រៀបចំដោយសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជានឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២0២២ នៅសាលពហុជំនាញនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបងក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបាននិយាយថា ការប្រកួតជើងឯកប្រចាំឆ្នាំនេះមានក្លិបតុងហ្គីលម៉ូដូចំនួន៨នៅទូទំាំងប្រទេសកម្ពុជារួមមានក្លិបតុងហ្គីលម៉ូដូព្រាប ស ក្លិបតុងហ្គីលម៉ូដូ ឌូវី ក្លិបតុងហ្គីលម៉ូដូ សំឡូត ក្លិបតុងហ្គីលម៉ូដូ ឃុំជ្រៃ ក្លិបតុងហ្គីលម៉ូដូ សហគមន៍តាកង ក្លិបតុងហ្គីលម៉ូដូ ក្រុងសៀមរាប ក្លិបតុងហ្គីលម៉ូដូ ក្រុងកំពត និងក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យព្រះរាជសម្ភារ។ គណៈប្រតីភូចំនួន១១នាក់ កីឡាករ-កីឡាការិនីចូលរួមចំនួន៦១នាក់សរុបចំនួន៧២នាក់ ។

លោកអគ្គលេខាធិការបានបន្តថា ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស និងនារី វិញ្ញាសាសម្តែងបច្ចេកវិទ្យាពិសេស បុរស-នារី (២នាក់) កុមារ (៣នាក់) និងសម្តែងជាក្រុម (៤នាក់) វិញ្ញាសាប្រយុទ្ធឯកត្តជននារី៖ ប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងប្រភេទទម្ងន់សេរី ចំពោះបុរស៖ ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម និងប្រភេទទម្ងន់សេរី និងវិញ្ញាសាប្រយុទ្ធជាក្រុមកុមារ (អាយុ១៤ឆ្នាំ) (៣នាក់)។

លោក Hajime Saito ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិនបានមានប្រសាសន៍ថា ប្អូនៗទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ។ លោកពិតជាសប្បាយចិត្តសណាស់ដែលការប្រកួតជើងឯកឆ្នាំនេះ និងកោតសរសើរដល់ក្លិបតុងហ្គីលម៉ូដូដោយបានចូលរួមការប្រកួតនៅខេត្តបាត់ដំបង៕ដោយ៖លី ភីលីព

Most Popular

To Top