កម្មវិធីប្រដាល់ គុនខ្មែរអលស្តារវគ្គ៣ (Kun Khmer All Star 3) នឹងចាប់ផ្ដើម ឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះហើយ ស្របពេលម្ចាស់កម្មវិធីថាបានរៀបចំរួចស្ទើរ ទាំងស្រុងទៅហើយ ។

កីឡាករ ឡៅ ចិត្រា
លោក ស៊ន អេលីត ម្ចាស់កម្មវិធីខាងលើ បានឲ្យដឹងថា ការប្រកួតវគ្គ៣ នេះគឺមាន៩គូ ក្នុងនោះ៣គូ ជាកីឡាករថ្នាល និង៦គូទៀតកីឡាករខ្មែរប៉ះថៃ ។ ចំពោះប្រាក់តម្លៃខ្លួន ដែលលោកបានផ្ដល់ជូន ខ្មែរប៉ះបរទេសនេះ គឺ ធឿន ធារ៉ា ទទួលបាន ៧០០ដុល្លារ ឡៅ ចិត្រា ទទួលបាន ៦០០ដុល្លារ និង អេលីត សាន់ គង់ សំបូរ វី សម្ភស្ស និង ម៉ាលី អូប៉ ទទួលបាន ៤០០ដុល្លារដូចគ្នា ។

កីឡាករ ធឿន ធារ៉ា
គ្រូប្រដាល់ក្លឹបនាយដ្ឋាន អង្គរក្សបន្ថែមទៀតថា ខាងលើនេះជាតម្លៃមួយ ដែលលោកបានចរចាគ្នារួចរាល់ ប៉ុន្តែប្រសិនបើកម្មវិធីអលស្តារវគ្គ៣ ទទួលបានការឧបត្ថម្ភ (Sponsor ) គ្រប់គ្រាន់នៃការកំណត់ ឬដល់ការចំណាយទាំងមូល ពីបណ្ដាក្រុមហ៊ុនផ្សេងៗនោះ លោកនឹងបន្ថែមប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាករថែមទៀត ។ យ៉ាងណាប្រសិនអ្នកគាំទ្រចង់ឧបត្ថម្ភផ្ទាល់ ដល់កីឡាករក៏អាចផ្ញើ ទៅកាន់លោកផងដែរ ហើយលោកនឹងប្រមូលថវិកា ទាំងនោះជូនកីឡាករថ្ងៃប្រកួតតែម្ដង ៕
