ខេត្តកណ្តាល៖នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២O២២ការផ្សព្វផ្សាយសកម្មភាពរបស់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងស្រុកកោះធំ ខេត្តកណ្ដាលនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី កោះធំដល់សិស្សានុសិស្ស ចំនួន១៣៥នាក់ ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ នៃការចូលរួមហ្វឹកហាត់លេប្រភេទកីឡាហែលទឹក និងជាពិសេសមានការអញ្ញើញចូលរួម ចែករម្លែកបទពិសោធន៍ពីអតីតកីឡាការិនី ហែលទឹកជម្រើសជាតិ កញ្ញា ហែមថុន វិទីនី ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកប្រាប់ឲ្យដឹងថា ការធ្វើបទបង្ហាញបន្ថែមនៃគោលបំណងគឺចង់ផ្សព្វផ្សាយអំពីប្រភេទកីឡាហែលទឹកនេះ នូវអត្ថប្រយោជន៍ និងគុណតម្លៃរបស់ប្រភេទកីឡាហែលទឹកដល់សិស្សានុសិស្សទាំងអស់ ក៏ដូចជាលោកគ្រូ អ្នកគ្រូក្នុងវិទ្យាល័យនេះ និងលោកក៏បានសុំអំពាវនាវ ដល់សិស្សានុសិស្សដែលចូលចិត្តកីឡាហែលទឹក ចូលរួមហ្វឹកហាត់ ដើម្បីបំផុសវិស័យកីឡាហែលទឹកក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
លោកបានបន្តថា សហព័ន្ធនឹងមានគោលបំណងធ្វើកម្មវិធីខាងលើកនៅខេត្តបាត់ដំបង ដើម្បីបំផុសកីឡាហែលទឹកដល់សិស្សានុសិស្សដែលមានបំណង់ចូលរួមហ្វឹកហាត់កីឡាហែលទឹកឲ្យក្លាយជាអាជីពកីឡាករ-កីឡាការិនីចូលរួមការព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធ ព្រមទាំងចូលរួមការប្រកួតកីឡាជាតិនានាតំណាងឲ្យខេត្តកណ្តាល និងខេត្តបាត់ដំបូង។
លោក ហែម គីរីបន្ថែមទៀតថា តាំងនាមតំណាងឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអំណរគុណដល់ថ្នាក់ដឹកនាំស្រុកកោះធំ អាជ្ញាធរដែនដី ក៏ដូចជាលោកនាយកវិទ្យាល័យ លោកនាយករង និងលោកគ្រូ អ្នកគ្រូដែលបានជួយសម្របសម្រួលធ្វើឲ្យកម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕ដោយ៖លី ភីលីព