ភ្នំពេញ៖លោកអ៊ួ តារា អគ្គលេខាធិការរង និងជាអ្នកដឹកនាំផលិតបានឲ្យដឹងថា នៅទីបំផុតបទចម្រៀង ”អ្នកចម្បាំង” របស់ផលិតកម្មរាមដែកបកស្រាយដោយតារាចម្រៀង លោក បាលី និងលោក ថម បានបញ្ចេញឈុតខ្លី និងត្រៀមបង្ហាញវីដេអូទាំងមូលនៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីមុននេះផលិតកម្មបានបង្ហាញពីឈុតខ្លីរបស់បទចម្រៀឪងនេះធ្វើឲ្យអ្នកទស្សនាកាន់តែរំភើបចិត្ត និងបានទស្សនាហើយព្រឺសប្បុរតែម្តង។
លោកបានបន្តថា ព្រឺសម្បុរ ព្រោះតែមានមោទកភាពក្នុងនាមមានឈាមជ័រជាកូនខ្មែរដែលសម្បូរដោយសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែប ពិសេសវីដេអូនៃការបញ្ចេញក្បាច់គុណល្បុក្កតោនោះតែម្តង។ វីដេអូខ្លី ឬTeaser របស់បទចម្រៀងខាងលើមានរយៈពេលជាង៥០វិនាទីកាន់តែធ្វើឲ្យអារម្មណ៍អ្នកគាំទ្រកាន់តែពុះកញ្ជ្រោលចង់ឃើញវីដេអូពេញព្រោះតែវីដេអូខ្លីនេះពិតជាទាក់ទាញខ្លាំង ទាំងបច្ចេកទេសនៃការផលិតពិតជាមានគុណភាពខ្ពស់រស់រវើក មិនចាញ់វីដេអូផលិតដោយក្រុមអ្នកជំនាញអន្តរជាតិឡើយ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រផលិតកម្មរាមកោតសរសើរ ក្រោយពីបទចម្រៀងមួយនេះត្រូវបានសំងំផលិតជាច្រើនខែកន្លងមកហើយ និងក្រោយពីបទចម្រៀង និងការសម្តែងរបស់សហព័ន្ធគុនល្បុក្កតោកម្ពុជាធ្លាប់បានលើកយកទៅបង្ហាញក្នុងពិធីសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងចុងឆ្នាំ ២០២១។ បទចម្រៀងនេះនឹងត្រូវបង្ហាញនៅថ្ងៃទី៩ ខែមេសានេះ ដំណាលគ្នានឹងការប្រកាសព្រឹត្តិការណ៍សង្ក្រាន្តម្លប់ឆ័ត្របុស្បាថ្ងៃទី៩ និងទី១០ ខែមេសារបស់អ្នកជំនួញអនឡាញល្បីឈ្មោះអ្នកនាងស្រីអូនសម្រស់ធម្មជាតិ នៅតំបន់បណ្តោយផ្លូវព្រៃស នោះតែម្តង។
លោកអគ្គលេខាធិការរងបានបន្ថែមថា បទចម្រៀង «អ្នកចម្បាំង» បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគុណតម្លៃរបស់ល្បុក្កតោខ្មែរ ដោយបានបង្កប់នៅប្រវត្តិដ៏យូរលង់ ដែលដូនតា បានបន្សល់ទុកឲ្យមកកូនចៅខ្មែរជំនាន់ក្រោយ ព្រោះនេះជាទ្រព្យ មានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយកម្ពុជា ក៏បាននិងកំពុងខ្នះខ្នែង បញ្ជូនសំណុំឯកសារចុះឈ្មោះ «គុនល្បុក្កតោ» ទៅស្ថាប័នបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីដាក់ក្បាច់គុនបុរាណខ្មែរមួយនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ ផងដែរ។ធ្លាប់មានការលើកឡើងដែរថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ បានសហការជាមួយផលិតកម្មរាម ផលិតបទចម្រៀង «អ្នកចម្បាំង» ដើម្បីចូលរួមជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ដោយ៖លី ភីលីព







