ប៉ូលិសកំពុងតែបើកការស៊ើបអង្កេត បន្ទាប់ពីម្ដាយបានប្ដឹងថាកូនប្រុសរបស់ខ្លួនត្រូវបានគេប្រើអំពើហិង្សាដាក់និងខូចខាតទូរសព្ទដោយសារតែ Cristiano Ronaldo ក្រោយ Manchester United ចាញ់ Everton។
អ្នកស្រី Sarah Kelly បានអះអាងថា ការធ្វើដំណើរលើកដំបូង របស់កូនប្រុសខ្លួន Jacob Harding ដើម្បីមើលការប្រកួត របស់ Everton ត្រូវបានបំផ្លាញ ដោយសារតែមានការប្រើអំពើហិង្សាពេលដែលកីឡាករ United ដើរចេញពីទីលាន ។ វីដេអូបានបង្ហាញលើកបណ្ដាញសង្គម ពីសកម្មភាព Ronaldo វាយទម្លាក់ទូរសព្ទ Jacob ចេញពីដៃបែកខ្ទេច ។
អ្នកស្រី Kelly ដែលមកពីភូមិ Upton នៃតំបន់ Merseyside បាននិយាយថា កូនប្រុសអាយុ១៤ឆ្នាំ របស់ខ្លួនមានស្នាមជាំលើដៃ បន្ទាប់ពីទូរសព្ទបានធ្លាក់ចុះក្រោម ពេលដែលគេព្យាយាមថតជើង របស់ Ronaldo ។ ក្រោយហេតុការកើតឡើង Ronaldo បានចេញសារសុំទោស លើបណ្ដាញសង្គម ចំពោះកាយវិការរបស់ខ្លួន និងបានអញ្ជើញកូនប្រុសខាងលើ ទៅទស្សនាការប្រកួតនៅ Old Trafford ។
ប៉ុន្តែអ្នកស្រី Kelly បាននិយាយថា បទពិសោធន៍ក្នុងជំនួបរវាង United និង Everton បានធ្វើឲ្យ Jacob ប្រុងប្រយ័ត្ន ចំពោះការទៅទស្សនាបាល់ទាត់ម្ដងទៀត ។ ក្រោយពីមានការចោទ ពីម្ដាយក្មេងប្រុសថា មានស្នាមជាំលើដៃកូនប្រុស ពេលនេះប៉ូលិស កំពុងតែស៊ើបអង្កេត ទៅលើ Ronaldo ហើយ៕