កំពង់សោម:សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំការប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២២។
មន្ត្រីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគូសបញ្ជាក់ថា កីឡាទាញព្រ័ត្រឆ្នេរខ្សាច់ គឺជាវិញ្ញាសាថ្មី ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអភិវឌ្ឍ ដើម្បីរួមគ្នាដល់ដំណើរការអភិវឌ្ឍវិញ្ញាសាមួយនេះមានសន្ទុះកើនឡើងតាមគោលដៅរបស់ខ្លួន។ ព្រឹត្តិការណ៍កីឡាទាញព័ត្រឆ្នេរខ្សាច់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ត្រូវបានចែកចេញជា៣វិញ្ញាសា គឺវិញ្ញាសាបុរស ៨នាក់ទល់នាក់៨, នារី ៨នាក់ទល់នាក់៨ និងវិញ្ញាសា៨នាក់ទល់នាក់៨ចម្រុះ បុរស-នារី ដោយមានសមាគមកីឡាទាញព័ត្រចំនួន១១បានចូលរួម គឺខេត្តព្រះសីហនុ ខេត្តកំពត ស្វាយរៀង បាត់ដំបង ត្បូងឃ្មុំ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ក្រចេះ ខេត្តព្រះវិហារ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ទាក់ទងនឹងវិញ្ញាសាថ្មីនេះ លោក នូវ ឫទ្ធី ប្រតិភូដឹកនាំក្រុមកីឡាករកីឡាការិនីសមាគមកីឡាទាញព័ត្រខេត្តបាត់ដំបងលើកឡើងថា ការប្រកួតទាញព្រ័តឆ្នេរខ្សាច់លើកដំបូងនៅកម្ពុជា គឺជាវិញ្ញាសាថ្មីមួយ ឈរលើគោលការណ៍ អភិវឌ្ឍ និងអភិរក្ស ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគាំទ្រ ដើម្បីឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ និងពិភពលោក។ វាជាបទពិសោធថ្មីមួយ ទៀតសម្រាប់ឲ្យកីឡាករ កីឡាការនី ដោយត្រូវប្រើកម្លាំងខ្លាំង និងបច្ចេកទេស វាអាចពិបាកសម្រាប់កម្ពុជា ប៉ុន្តែបើយើងប្រឹងប្រែងហ្វឹកហាត់ នោះកម្ពុជានឹងអាចប្រកួតប្រជែងបាន ដោយ សារកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ប្រទេសក្នុងតំបន់ប្រដំប្រសងជាមួយកម្ពុជានៅឡើយ។
ចំពោះបញ្ហាប្រឈម ត្រូវបានលោក នូវ ឫទ្ធី បញ្ជាក់ថា មានដូចជា ធនធានមនុស្ស សម្ភារ និងទីលាន ជាពិសេសព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ នៅមានតិចតួច ដើម្បីឲ្យកីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដុសខាត់សមត្ថភាព ឈានទៅរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិបាន។ចំពោះក្រុមខេត្តបាត់ដំបងផ្ទាល់វិញ លោកបង្ហាញនូវក្តីរីករាយ ដែលសហព័ន្ធរៀបចំការប្រកួតទាញព័ត្រលើឆ្នេរខ្សាច់ ជាវិញ្ញាសាថ្មីមួយលំបាក សម្រាប់ខេត្តបាត់ដំបង ពីព្រោះអត់មានតំបន់ឆ្នេរ ក្នុងការហ្វឹកហាត់នោះទេដោយសារតែការប្រកួតរាល់ដង គឺប្រកួតលើស្មៅ និងក្នុងសាលជាដើម៕



