ខេត្តព្រះសីហនុ ៖នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងលោកអភិបាលខេត្តព្រះសីហនុ និងលោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។
លោក ចាប រតនា បាននិយាយថា យោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំយុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំការប្រកួតកីឡាទាញព្រ័ត្រឆ្នេរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅ ឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ដែលការប្រកួតផ្តាច់ព្រ័ត្រចុងក្រោយត្រូវបានបញ្ចប់នាពេលអំបិញមិញនេះ ។
ការប្រកួតខាងលើកនេះដោយមានការអញ្ជើញចូលរួមប្រតិភូ គ្រូបង្វឹកចំនួន២២នាក់ កីឡាករចំនួន១០៥ នាក់ កីឡាការិនីចំនួន៦៥ នាក់សរុបទាំងអស់ចំនួនចំនួន ១៩២ នាក់។ អំពីចំនួនក្រុម រូបមន្តប្រកួត និងចំនួនប្រកួតរួមមានផ្នែកនារី ៨នាក់ ទល់ ៨នាក់ ចំនួន៦ ក្រុម ប្រកួតរូបមន្តវិលជុំ និងជម្រុះមានចំនួន ១០ ប្រកួត ផ្នែកបុរស ៨នាក់ ទល់ ៨ នាក់ចំនួន ១០ ក្រុម ប្រកួតរូបមន្តវិលជុំ និងជម្រុះមានចំនួន ២៤ប្រកួត និងផ្នែកចម្រុះបុរស នារី ៨នាក់ ទល់ ៨នាក់ ចំនួន០៨ ក្រុម ប្រកួតរូបមន្តវិលជុំ និងជម្រុះមានចំនួន ១៦ ប្រកួត។
លោកបានបន្តថា ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រើអស់ពីសមត្ថភាពបច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងនោះ លទ្ធផលបច្ចេកទេសប្រកួតរយៈពេល ០៣ថ្ងៃ កន្លងមកនេះ គណៈកម្មការរៀបចំការប្រកួត និងប្រកាសជូនពេលចែករង្វាន់ជ័យលាភី នាពេលបន្តិចទៀតនេះ ៕ ដោយ៖លី ភីលីព





