ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្តាលលោក ប្រាក់ សារ៉ាត បានអញ្ជើញចូលរួម ផ្តល់ពានរង្វាន់ដល់កីឡាករ-កីឡាការិនីរត់ប្រណាំង និងកីឡាតេក្វាន់ដូWT ជាកម្មវិធី២ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត នៃព្រឹត្តការណ៍សង្រ្កាន្តខេត្តកណ្តាលឆ្នាំ២០២២នេះ ។
លោក ប្រាក់ សារ៉ាត បានសម្តែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងកីឡាករ-កីឡាការិនីរត់ប្រណាំង និងកីឡាតេក្វាន់ដូ WT បានចូលកម្សាន្តសប្បាយក្នុងកម្មវិធីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាលនៅពេលនេះ ដែលតាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើសង្រ្កាន្តខេត្តកណ្តាលឆ្នាំនេះ កាន់តែមានភាពអធិអធមខ្លាំងឡើង។
លោកក៏សង្ឃឹមដែរថា តាមរយៈព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិ និងអ្នកវិនិយោគផងដែរ នឹងបានឃើញពីសក្តានុពល និងភាពរីកចំរើនឥតឈប់ឈរ ក្នុងទឹកដីខេត្តកណ្តាលទាំងមូល ក៏ដូចជាក្រុងតាខ្មៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន នៃការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ។
លោកគ្រូ ជា សារ៉ាត ប្រធានក្លិបបក្សីដែក និងប្រធានគណៈកម្មាធិការ ប្រកួតបាននិយាយថា ការប្រកួតមានក្លិបចំនួន៤ក្លិបរួមមាន ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែក ក្លិបកីឡាតេក្វាន់ដូ WT ព្រែកថ្មី ក្លិបកីឡាតេក្វាន់ដូ WTអេលស៊ីឌីអាយ និងក្លិបកីឡាតេក្វាន់ដូ WTសាលាអន្តរជាតិហ៊ីស។ ខេត្តកណ្តាល ដណ្តើមបានមាស៥ ប្រាក់៦ និងសំរឹទ្ធ ៤ ខ្លាខ្មៅ (រាជធីនី) ដណ្តើមបានមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ពោធិសែនជ័យ (រាជធានី)ដណ្តើមបានមាស ១ និងប្រាក់ ១ បុរី១០០ខ្នង(រាជធានី) ដណ្តើមមាស ១ ប្រាក់ ១ និងសំរិទ្ធ ១ និងចាក់អង្រែ ( រាជធានី) សំរឹទ្ធ ១។
លោកបានបន្តថា សមាគមតេក្វាន់ដូនគរបាលជាតិ សាខាខេត្តកណ្តាល និងក្លិបបក្សីដែក មានទីតាំងហ្វឹកហាត់ នៅក្នុងស្តាតខេត្តកណ្តាល ជិតវិទ្យាល័យសេរីភាព ដែលមានការហ្វឹកហាត់ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ម៉ោង៥រសៀលអាណាព្យាបាល អាចទៅទីលានហ្វឹកហាត់ ដោយផ្ទាល់បាន៕ ដោយ៖លី ភីលីព