Cristiano Ronaldo បានត្រលប់មកជំរុំហ្វឹកហាត់របស់ Manchester United កាលពីម្សិលមិញ ដែលគេការបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីប្រកាសដំណឹងបាត់បង់កូនប្រុស។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំត្រូវបានប្រទះឃើញចាកចេញពីជំរុំហាត់ Carrington ប្រមាណ៤៨ម៉ោងក្រោយបញ្ចេញដំណឹងក្រៀមក្រំទៅកាន់ពិភពលោក។ Ronaldo និងគូស្នេហ៍ Geogina Rodriguez បានប្រកាសកាលពីថ្ងៃច័ន្ទថា កូនទើបតែសម្រាលម្នាក់ក្នុងចំណោមកូនភ្លោះរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត។
បន្ទាប់ពីទទួលបានដំណឹងនេះក្លឹប Manchester United បានផ្ដល់ពេលវេលាឲ្យ Ronaldo សម្រាកតាមតែចិត្តចង់ និងមិនបាច់បង្ហាញខ្លួនប្រកួតទល់នឹង Liverpool ឡើយ។ អវត្តមាន Ronaldo ក្លឹបបិសាចក្រហមបានចាញ់ហង្សក្រហមដល់ទៅ ៤-០។ តែក្នុងការប្រកួតនោះអ្នកគាំទ្រទាំងសងខាងបាននាំគ្នារំលែកទុក្ខដល់គ្រួសាររបស់ Ronaldo ជាពិសេសខាង Liverpool បានច្រៀងបទ “You Never Walk Alone” ផងដែរ។
Man Utd បច្ចុប្បន្នត្រូវការពិន្ទុជាចាំបាច់ដើម្បីប្រជែងយកតំណែង Top ៤បានទៅលេងនៅ Champions League រដូវកាលក្រោយ ហើយពេលនេះពួកគេកំពុងនៅលេខ៦។ ប្រកួតបន្ទាប់ពួកគេត្រូវប៉ះ Arsenal នៅចុងសប្ដាហ៍នេះដែលទើបនឹងឈ្នះ Chelsea ៤-២។ ដោយមើលឃើញក្រុមត្រូវការឈ្នះបែបនេះ Ronaldo បានត្រលប់មកហ្វឹកហាត់វិញជាបន្ទាន់មិនសម្រាកយូរឡើយ៕