ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡា លើកទម្ងន់ ស្ថិតក្នុងជម្រើសកម្ពុជា របស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជាសព្វថ្ងៃនះ កំពុងហ្វឹកហាត់យ៉ាងសកម្ម ជាមួយអ្នកជំនាញជនជាតិចិន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញ ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GMAES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើក ទម្ងន់កម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិចថា នាពេលនេះយើងទទួលបានគ្រូបង្វឹកជនជាតិ ដែលជាអ្នកជំនាញផ្នែកកីឡា លើកទម្ងន់បានមកជួយហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីយើងដោយការហ្វឹកហាត់ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញទៅចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GMAES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោកបានបន្តថា នេះជាការបញ្ជូនកីឡាករ-កីឡាការីនីលើកដំបូង ចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GMAES ក្នុងនោះសហព័ន្ធនឹង បញ្ជូនកីឡាករ-កីឡាការីនីចំនួន៦នាក់ កីឡាករ៣នាក់ កីឡាការិនី៣នាក់ និងគ្រូបង្វឹក២នាក់ រួមមានកីឡាករ ឌុច ប៊ុនរ័ត្ន កីឡាករ នី ចាន់ថានន់ កីឡាករ ពេជ សីហា កីឡាការិនី រើន ស្រីនីត កីឡាការិនី តាន់ ប៉ុច និងកីឡាការិនី សេង បូរិន ព្រមទំាងអ្នកគ្រូ ទ្រី សុថាវី និងលោកគ្រូ ហាក់ ចាន់ដារ៉ា៕