កីឡា

ព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី២ នៅរាជធានីភ្នំពេញ បើកជាផ្លូវការ

ភ្នំពេញ៖នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី២នៅរាជធានីភ្នំពេញ បានបើកការប្រកួតជាផ្លូវការ ទីលានបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា ដោយមានក្រុមកីឡាករ-កីឡាការិនីជាកុមារ និងយុវជនចំនួន ៦០០នាក់ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF)

ព្រឹត្តិការណ៍នាថ្ងៃអាទិត្យនេះ នឹងផ្តល់ឱកាសម្តងទៀតដល់កុមារ និងយុវជននៅទីក្រុងភ្នំពេញដើម្បីប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់វិលជុំដ៏ធំបង្អស់មួយ ក្នុងប្រទេសកម្ពុជា។ ការប្រកួតធ្វើឡើង ដើម្បីជួយលើកកម្ពស់ការរស់នៅ មានសុខភាពល្អ និងជីវិតកាន់តែប្រសើរសម្រាប់កុមារ និងយុវជនរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ កីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្រៀនជំនាញ ក៏ដូចជានាំមកនូវទម្លាប់មានប្រយោជន៍ដល់សុខភាព និងសុខុមាលភាពទៀតផង ។ 

លោក យិន សាមឌី អ្នកគ្រប់គ្រងកម្មវិធីកីឡា របស់អង្គការផ្កាយសមុទ្រកម្ពុជាបាននិយាយថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ផ្តល់សិទ្ធិអំណាចដល់យុវជនគ្រប់រូប និងជាពិសេសលើកទឹកចិត្តដល់កុមារី ទោះបីជាយ៉ាងនេះក្តី មនុស្សមួយចំនួននៅតែគិតថា ស្រ្តីមិនគួរលេងកីឡានោះទេ ។ កីឡាការិនីជាច្រើន បានខិតខំប្រឹងប្រែងជំនះរនាំងឧបសគ្គយេនឌ័រ និងផ្នត់គំនិតមិនសមស្របក្នុងសង្គម ។ ការប្រកួតវិលជុំនេះបានជួយកាត់បន្ថយ វិសមភាពយេនឌ័រ និងបង្ហាញថាស្រ្តីពិតជាអាចធ្វើបាន ហើយពួកគេគួរតែត្រូវបានលើកទឹកចិត្តឲ្យលេងកីឡាទៀតផង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី២នៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅ រយៈពេលដប់បួនសប្តាហ៍ជាប់ៗគ្នា និងបិទការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ។ក្រុម ឈ្នះក្នុងការប្រកួតនេះនឹងត្រូវមកចូលរួមប្រកួតប្រជែង ជាមួយកីឡាករ-កីឡាការនី ចំនួន៣០០នាក់ទៀត មកពីខេត្តផ្សេងៗ ក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅឯទីលានបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា ។

លោបានបន្តថា ដើម្បីបង្កើនលទ្ធភាពចូលរួមរបស់កីឡាករ-កីឡាការិនី ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ២០២២នឹងត្រូវបែងចែកជា៥ប្រកួតក្នុងខេត្តចំនួន ៤នឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២,០០០នាក់ នៅទូទាំងប្រទេសក្នុងនោះ មានកីឡាការនីមានចំនួន ៨០០នាក់ឲ្យមកចូលរួមប្រកួតប្រជែងគ្នា៖

នៅថ្ងៃទី៦ ខែកុម្ភៈព្រឹត្តិការណ៍ បើកការប្រកួតលើកទីមួយ នៅរាជធានីភ្នំពេញ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។ ថ្ងៃទី១៣ ខែកុម្ភៈ ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងកំពត នៅទីលានបាល់ទាត់ X Sport Club ។ ថ្ងៃទី២៤ ខែមេសា ព្រឹត្តិការណ៍បើកការប្រកួត លើកទីពីរនៅរាជធានីភ្នំពេញ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។ ថ្ងៃទី៨ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងសៀមរាប ។ថ្ងៃទី២២ ខែឧសភា ព្រឹត្តិការណ៍បើកការប្រកួត នៅខេត្តកំពង់ស្ពឺ៕ ដោយ៖លី ភីលីព

Most Popular

To Top