ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការបច្ចេកទេស របស់សហព័ន្ធកីឡាជាតិទំាង៨ និងគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ-កីឡាការិនី ទំាង២៥រាជធានីខេត្ត ស្តីពីការរៀបចំប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងរៀបចំការប្រកួត បាននិយាយថា ការរៀបចំប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ មាន ៨ ប្រភេទកីឡាដោយមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីមកពី ២៥ រាជធានីខេត្តចំនួន ១៦៧៧ នាក់ ព្រមទំាងគណៈកម្មការចូលរួម គឺគណៈកម្មការចំពោះកិច្ច ចំនួន ៣៣នាក់ គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល ទាំង៨សហព័ន្ធ ចំនួន ១៧៥ នាក់ និងគណៈកម្មការរួម ចំនួន ១២០នាក់។
ចំពោះទីលានប្រកួត គណៈកម្មការធ្វើឡើង ជាច្រើនកន្លែងរួមមាន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ សសយករាជធានីភ្នំពេញ វិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សូមអំពាវនាវឲ្យគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ-កីឡាការិនី ទំាង២៥រាជធានីខេត្តទាំងអស់ ប្រសិនតវ៉ាពាក់ព័ន្ធនឹង ការកាត់ក្តីតាមប្រភេទកីឡានីមួយៗ ត្រូវសរសេរជាអក្សរនោះ គណៈកម្មការរៀបចំនឹងធ្វើការជូន ប៉ុន្តែប្រសិនបើធ្វើការតវ៉ា បង្ហោះតាមបណ្តាញសង្គមវិញនោះ យើងមិនធ្វើការជូនឡើយ ព្រោះវាខុសនឹងបទបញ្ជាការប្រកួត ដូច្នេះយើងទំាងអស់គ្នា ត្រូវសហការជាមួយគ្នា ដើម្បីឲ្យការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ទទួលបានជោគជ័យ និងល្អប្រសើរ។
លោកបានបន្តថា ចំពោះគណៈកម្មការបច្ចេកទេស របស់សហព័ន្ធកីឡាជាតិទំាង៨ សុទ្ធសឹងជាអ្នកទទួលបាន ការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ហើយគណៈកម្មការបច្ចេកទេស មិនបានបណ្តុះបណ្តាលមិនឲ្យ ចូលរួមធ្វើគណៈកម្មការបច្ចេកទេសឡើយ។
លោកបន្តថា សូមឲ្យគណៈកម្មការទំាង ៨ ប្រភេទកីឡាត្រូវប្រកាន់ភ្ជាប់ នូវដោយយុត្តិធម៌ចំពោះការប្រកួតនេះ ដើម្បីឲ្យគណៈប្រភូតិដឹកនាំ តាមបណ្តាលខេត្តទំាំង ២៥ រីករាយ និងត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះកីឡាករ-កីឡាការិនីចូលរួម ហើយគណៈប្រភូតិដឹកនាំ ត្រូវគោរពការប្រកួតមិនត្រូវយក កីឡាករ-កីឡាការិនី មធ្យមមកប្រកួតជាមួយ កីឡាករ-កីឡាការិនីសិស្សបឋម ពីព្រោះនេះជាការរៀបចំប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២។
ការរៀបចំប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ មាន៨ប្រភេទកីឡា ដូចជាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីតលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF៕ ដោយ៖លី ភីលីព