កីឡា

ក្រុមកីឡាខេត្តប៉ៃលិន គ្រងតំណែងជើងឯក ខណៈក្រុមកីឡាខេត្តបាត់ដំបង ឈរលេខ៥ ការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២​ ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមកីឡាខេត្តប៉ៃលិនគ្រងតំណែងជើងឯក ខណៈក្រុមកីឡាខេត្តបាត់ដំបងឈរលេខ៥ បន្ទាប់ពីខេត្តបាត់ដំបងឈ្នះមេដាយមាសចំនួន៣គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ទូទំាងប្រទេស។

នាថ្ងៃល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូទាំង២៥ខេត្ត ក្រុមបានអញ្ជើញចូលរួមពីធីបិទជាផ្លូវការព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា។ 

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រកួតនេះមាន៨ប្រភេទកីឡា ស្មើនឹង៣៤វិញ្ញាសា លើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។ ក្រុមកីឡាខេត្តប៉ៃលិនគ្រងតំណែងជើងឯកដោយឈ្នះមេដាយមាស៨គ្រឿង ក្រុមកីឡាភ្នំពេញឈ្នះមេដាយមាស៤គ្រឿងជើងឯករង ហើយក្រុមកីឡាខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបងឈ្នះមេដាយមាស ៣ គ្រឿងដូចគ្នា។

លោកបានបន្តថា ខេត្តព្រៃវែង ខេត្តសៀបរាម និងខេត្តក្រចេះមេដាយមាស ២ គ្រឿងដូចគ្នា  ចំណែកខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ មេដាយមាស ១ គ្រឿងដូចគ្នា។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡារាជធានី ខេត្តបានសហការរៀបចំការប្រកួតនេះ ឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក។ ការរៀបចំការ ប្រកួតនេះគឺស្របពេល ដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡាក៏បានចាប់ផ្តើមដំណើរការឡើងវិញផងដែរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធំ ចំពោះពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តរស់នៅជាមួយជំងឺនេះ តាមគន្លង ប្រក្រតីភាពថ្មី និងត្រូវសម្របសម្រួលខ្លួន ក្នុងការហ្វឹកហាត់កីឡារៀបចំព្រឹត្តិការណ៍កីឡា ទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការការពារជាប់ជានិច្ច ពោលគឺរក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាសជាប្រចាំ។

លោកអនុរដ្ឋលេខាធិការបានបន្តថា ការប្រកួតធ្វើឡើងដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

ចាប់ពីឆ្នាំ២០១៩ ក្រសួងបានកំណែទម្រង់ការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (National University Games) រៀងរាល់០២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៩ ដោយធ្វើចន្លោះឆ្នាំគ្នាជាមួយការប្រកួតកីឡាជាតិ (National Games) ហើយថវិកាក្នុងឆ្នាំ ដែលមិន បានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡានៅតាមសាលារៀនវិញ។

លោកបានបន្ថែមថា កំណែទម្រង់នេះដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បី ជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅ SEA GAMES 2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

Most Popular

To Top