ស្រុកល្វាឯម ៖ កាលរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ក្រុមបាល់ទាត់ យុវជនអធិរាជ ជ្រោយពិសី ឃុំទឹកឃ្លាំង គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២ ដោយការប្រកួតប្រព្រឹត្ត ទៅនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម បន្ទាប់ឈ្នះក្រុមបាល់ទាត់ យុវជនឃុំ អរិយក្សត្រ ២ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ ។
ក្នុងឳកាសពិធីបិទជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម លោក កន សុខកាយ អភិបាល នៃគណៈអភិបាល ស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព បើកការប្រកួតពានរង្វាន់ បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២ លោកអភិបាលស្រុករង គណៈកម្មាការរៀបចំការ ប្រកួត ប្រធានក្រុម និងតំណាងក្រុមទាំង២១ មកពីឃុំទាំង២១ ក្នុងស្រុកល្វាឯម នៅទីលាន បាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម ។
ក្រុមបាល់ទាត់យុវជន អធិរាជជ្រោយពិសីឃុំទឹកឃ្លាំងតំណាង ឲ្យស្រុកល្វាឯម ទៅចូលរួមរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នជាមួយ ស្រុកខ្សាច់កណ្តាល និងស្រុក កៀនស្វាយ បន្ទាប់ពីក្រុមនេះ បានស៊ុតបំប៉ោង សំណាញ់យកឈ្នះ ក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល២ទល់០ ធ្វើឲ្យក្រុមក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សីទទួលបានជើងឯករង ចំណែកក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ បានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំកោះរះ ក្នុងលទ្ធផល ៣ ទល់នឹង ១ ។
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តា ឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋាន ស្រុកបានចូលរួម និងកីឡាបាល់ទាត ដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍន វិស័យកីឡា ជំរុញ និងលើកទឹកចិត្ត ដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
ក្រុមបាល់ទាត់យុវជន អធិរាជជ្រោយពិសីឃុំទឹកឃ្លាំងគ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ១០ លានរៀល ក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រគ្រងតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ៧លានរៀល ចំណែកក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ចំណាក់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ចំនួន ៥ លានរៀល ក្រុមបាល់ទាត់យុវជន ឃុំកោះរះ ទទួលបានប្រាក់រង្វាន់ចំនួន ៣ លានរៀល ចំពោះក្រុមទំាង ១៧ ក្រុមទទួលបានប្រាក់ លើកទឹកចិត្តចំនួន ១ លានរៀល ៕ដោយ៖លី ភីលីព