លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។
លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ “។

លោកបានបន្តថា៖” ណាមួយទៀតគេនៅតែលេងបានល្អខ្លាំង។ ស៊ុតបញ្ចូល បង្កើតឱកាសស៊ុតបញ្ចូលនេះសុទ្ធតែអ្វីដែល Ronaldo បានធ្វើកន្លងមក។ ទោះជាអាយុគេច្រើនប៉ុណ្ណឹងហើយ គេនៅតែអាចធ្វើអញ្ចឹងបានទៀតគឺពិតជាអស្ចារ្យណាស់។ សង្ឃឹមថាគេបន្តអញ្ចឹងទៀត មួយទៀតនោះគឺសង្ឃឹមថាគេនឹងបន្តនៅ Man Utd នេះ ១-២ឆ្នាំទៀត “។

ចាប់តាំងពី លោក Erik Ten Hag ក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd ចាប់រដូវកាលនេះខាងមុខនេះទៅ អនាគតរបស់ Ronaldo ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា នឹងមានភាពប្រឈម ព្រោះអ្នកចាត់ការថ្មីនេះមានការរុះរើក្លឹបនេះច្រើនដើម្បីកែទម្រង់។ យ៉ាងណាបើតាមព័ត៌មានថ្មីៗនេះ ទាំង Ten Hag គឺចង់ឲ្យ Ronaldo នៅ ហើយខ្សែប្រយុទ្ធនេះផ្ទាល់ក៏ចង់បន្ត។ក្នុងរដូវកាលនេះ Ronaldo ស៊ុតចូលឲ្យ Man Utd ២៤គ្រាប់ ក្នុងប្រកួតចូលរួមសរុប ៣៨ប្រកួត៕
