Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។
Haaland វ័យ២១ឆ្នាំ បានក្លាយជាគោលដៅទីមួយ របស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោន ដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលា សម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថា រូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។
ប្រភពពីប្រទេសអង់គ្លេស បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេស រំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។
រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berling នៅចុងសប្ដាហ៍នេះ៕ Source: Sabay