ភ្នំពេញ ៖នាថ្ងៃទី ១០ ខែឧសភា ២០២២ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាអធិបតីពិធីបិទសិក្ខាសាលាស្តីពីការប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ ។
សិក្ខាសាលានេះមានរយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដែលពិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ។
លោក ស សុខា បានមានប្រសាសន៍ថា គណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា បានចាប់ផ្តើមដំណើរការសិក្សាស្រាវជ្រាវ រៀបចំតាក់តែង តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២ ។ ក្នុងនោះបានរៀបចំកិច្ចប្រជុំ ចំនួន ១២៦លើក ចងក្រងជាច្បាប់ មាន ១២ជំពូក ៣១៦មាត្រា និងចែកជា ៣២ផ្នែក ។
ការតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា គឺជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម ។
លោកបានបន្តថា ការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នេះ គឺជាយន្តការនៃការកែទម្រង់ស៊ីជម្រៅមួយ ក្នុងការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយក្រោយពេលច្បាប់នេះ ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នោះ រចនាសម្ព័ន្ធចាត់តាំងមួយចំនួន ក៏ត្រូវបានបង្កើតថ្មី ហើយរចនាសម្ព័ន្ធចាត់តាំងមួយចំនួនទៀត ក៏ត្រូវបានសម្រួលកែលម្អជាថ្មី និងធ្វើឱ្យការងារគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា កាន់តែមានលក្ខណៈត្រឹមត្រូវ និងខិតជិតទៅនឹងនិយាមនៃស្តង់ដារអន្តរជាតិ មិនតែប៉ុណ្ណោះធ្វើឲ្យវិស័យនេះ កាន់តែបានដើរតួនាទីយ៉ាងសំខាន់ ជាបេសកកម្មក្នុងការបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ពិសេសសិស្ស និងនិស្សិត ឱ្យកាន់តែមានប្រសិទ្ធភាព ។ ច្បាប់នេះវានឹងក្លាយទៅជាប្រទីបមួយ ជួយរួមចំណែបំភ្លឺផ្លូវបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា នាឆ្នាំ២០២៣ ពេលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រអច្ឆរិយរបស់យើង៕ ដោយ៖លី ភីលីព