ភ្នំពេញ៖សូមអបអរសាទរក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា កក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ក្រោយក្រុមហ្វីលីពីន បានប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ៣សិតទល់០ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ។
នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបាល់ទះក្នុងសាលរបស់ជម្រើសជាតិកម្ពុជា កក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីកម្ពុជា យកឈ្នះហ្វីលីពីន ក្នុងការប្រកួតបើកឆាក ពូល B ហើយក្រុមហ្វីលីពីន បន្តចាញ់ក្រុមថៃ ទៀត។
កម្ពុជា នៅសល់១ប្រកួតក្នុងដៃ ក្នុងពូល B ដោយត្រូវជួបជាមួយថៃ នៅថ្ងៃទី១៨ ឧសភា ខាងមុខនេះ មុនត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ។
សូមជូនពរក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតបន្ត ឈានឆ្ពោះទៅដណ្តើមយកមេដាយជូនជាតិមាតុភូមិនៃយើងកុំបីខាន៕ ដោយ៖លី ភីលីព



