លោក Keisuke Honda បានផ្ដាំផ្ញើទៅកីឡាករ U23 កម្ពុជាទាំងអស់ កុំភ្លេចឱ្យសោះការលេងចាញ់ថៃ ៥-០ នៅស៊ីហ្គេម ដោយត្រូវយកការឈឺចាប់នេះមកហ្វឹកហាត់ពង្រឹងសមត្ថភាពទ្វេដងឡើងវិញ។
កម្ពុជា បានបញ្ចប់ភារកិច្ចនៅស៊ីហ្គេមក្នុងប្រទេសវៀតណាមហើយ ដោយធ្លាក់ត្រឹមវគ្គចែកពូល ប៉ុន្តែក៏ទទួលបានបទពិសោធច្រើន ដែរពីការប្រកួតជាមួយក្រុមខ្លាំងៗទាំងនោះ។ ដូចដែលគ្រូបង្វឹកក្រុម U23 កម្ពុជា បានបញ្ជាក់មុនការប្រកួតហើយកម្ពុជា មិនដាក់ដាក់គោលដៅយកមេដាយ អ្វីទេសម្រាប់ព្រឹត្តិការណ៍នេះ ដោយពួកគេចង់បានត្រឹមបទពិសោធ ដើម្បីត្រៀមខ្លួននៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះវិញប៉ុណ្ណោះ។
មុនបែកគ្នានៅព្រលានយន្ដហោះអំឡុង ពេលត្រលប់មកវិញ លោក Honda ដែលជាអ្នកចាត់ការក្រុម U23 កម្ពុជា បានរំលឹកដល់កីឡាករគ្រប់រូបពីអ្វីដែលពួកគេរៀនសូត្រ បានពីការប្រកួតនេះ ។ កម្ពុជា មិនត្រូវភ្លេចឡើយថាបានចាញ់ក្រុម U23 ថៃដល់ ៥-០ កម្ពុជាមិនអាចភ្លេចឡើយ ពីការខិតខំហ្វឹកហាត់បន្ថែមទៀត ។ សមាជិកក្រុមទាំងអស់ត្រូវស្វែងរកមិត្តល្អៗ ដើម្បីប្រឹងហាត់បន្ថែម ញ៉ាំអាហារមានគុណភាព និងមិនត្រូវញ៉ាំរបស់ ដែលគ្មានប្រយោជន៍ដល់រាងកាយឡើយ ៕