កីឡា

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ កើនឡើងនៃកីឡាSEA GAMES 2021 នៅវៀតណាម ជាកំណត់ត្រា ប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកថា ការទទួលទង់ SEA GAMESសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករ-កីឡាការិនីទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ រហូតដល់៦៣មេដាយនៃ SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍កំណត់ត្រា ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេច បានដឹកនាំប្រតិភូកីឡាជាន់ខ្ពស់ និងអត្តពលិកកម្ពុជា សរុប១៨០នាក់ ធ្វើមាតុភូមិនិវត្ដន៍វិញ ដោយនាំមកជាមួយ នូវមេដាយមាស ប្រាក់ និងសំរិទ្ធ ជាច្រើនគ្រឿង ពិសេសទង់ស៊ីហ្គេម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះ។ ប្រជាពលរដ្មខែរទូទាំងប្រទេស ពិតជាមានមោទនភាព ដែលកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទស្សនទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកទង់ សហព័ន្ធកីឡា SEA Games លើកទី៣២ នៅកម្ពុជា ។

សម្តេចពិជ័យសេនាបានថ្លែងថា ការទទួលទង់ SEA GAMES សម្រាប់ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករ កីឡាការិនីជ័យលាភី ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាពេលនេះ គឺជាព្រឹត្តិការណ៍កំណត់ត្រា ប្រវត្តិសាស្ត្រសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ខាងមុខ តាមការសម្រេចរបស់រាជរដ្ឋាភិបាលបានជ្រើសយកថ្ងៃទី៥ ខែឧសភា ជាពិធីបើកផ្លូវការ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិធីបិទផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម និងពិធីបើកជាផ្លូវការ ASEAN Para Games នៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនេះ សម្តេចប្រធាន CAMSOC សូមបងប្អូនជនរួមជាតិមហាគ្រួសារខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេស ត្រៀមរៀបចំគ្រប់លក្ខណៈសម្បត្តិ ក្នុងនាមម្ចាស់ផ្ទះ រង់ចាំ ទទួលគមន៍ ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវជាតិអន្តរជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក ទទួលយកនូវស្នាមញញឹម រួសរាយ រាក់ទាក់ ជាមួយឥរិយាបថស្លូតបូត សុភាពរាបសារ ថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ដែលកំពុងរស់ នៅក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ ៕ដោយ៖លី ភីលីព

Most Popular

To Top