ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា អ្នកតំណាងសហព័ន្ធកីឡាជាតិ ទំាង១២ និងសាកលវិទ្យាល័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២២ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា បាននិយាយថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២២ មាន១២ប្រភេទកីឡាលើក ៩៦ វិញ្ញាសា។ ដោយយើងធ្វើការប្រកួត ទៅតាមទីលាននីមួយៗ ការរៀបចំរបស់សហព័ន្ធកីឡាជាតិទាំង១២។

ដោយប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការប្រកួតនេះមាន១២ប្រភេទកីឡាលើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ហែលទឹក ប៉េតង់ ការ៉ាតេ សីប៉ាក់តាក្រ និង តេក្វាន់ដូ ITF ។
លោក សុខ សប្បាយណា បានមានប្រសាសន៍ថា ការប្រកួតធ្វើឡើង ដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ លើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ។ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួត នៅលើឆាកជាតិនិងអន្តរជាតិនានា ។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០១៩ ក្រសួងបានកំណែទម្រង់ ការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (National University Games) រៀងរាល់០២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៩ ដោយធ្វើចន្លោះឆ្នាំគ្នាជាមួយការប្រកួតកីឡាជាតិ (National Games) ហើយថវិកាក្នុងឆ្នាំ ដែលមិន បានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡា នៅតាមសាលារៀនវិញ ។ លោកបានបន្ថែមថា កំណែទម្រង់នេះដើម្បីឆ្លើយតបទៅនឹង ការរីកចម្រើន នៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បី ជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
