ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានរៀបចំការប្រកួតកីឡា វាយកូនបាល់រំលឹកខួប លោក ទេព ឃុណា “TEP KHUNNH MEMMORIAL CUP” ដែលជាអតីតកីឡាករ វាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ លើកទី២៧ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ជា ពៅ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ការប្រកួតកីឡារំលឹកខួបលើកទី២៧នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។
អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតនេះ ដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ នឹងបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយធ្វើការប្រកួតប្រជែង លើ២វិញ្ញាសា គឺប្រកួតឯកក្តជន និងវិញ្ញសាប្រកួតវាយគូរ ។ ការប្រកួតនេះ ក្រៅពីការរំលឹកខួប ក៏ជាការប្រកួត ចម្រាញ់កីឡាករជម្រើសជាតិ ចំនួន២រូប ទៅចូលរួមប្រកួតនៅប្រទេសវៀតណាម នៅចុងខែឧសភា ដើម្បីស្វែងរកចំណាត់ថ្នាក់ ក្នុងរាងតារាងពិភពលោក។
លោកអគ្គលេខាធិការរងបន្ថែមទៀតថា ការប្រកួតនេះយើងអនុញ្ញាត ឲ្យតែកីឡាករលំដាប់កំពូលទំាង៨នាក់ គឺចាប់ពីលេខ១ ដល់ ៨ លើវិញ្ញាសាឯកត្តជន ចំណែកវិញ្ញាសាគូរមានកីឡាករ ១៦ នាក់ក្នុងការចម្រាញ់កីឡាករឆ្នើម ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។
គួររំលឹកថា ពានរង្វាន់ TEP KHUNNH MEMMORIAL CUP បានរៀបចំធ្វើឡើង ជាង២០ឆ្នាំកន្លងមកហើយ ជាការរំលឹកឧទ្ទិសដល់ អតីតកីឡាករ វាយកូនបាល់ល្បីឈ្មោះ លំដាប់លេខ១ របស់កម្ពុជាក្នុងទសវត្សរ៍ទី៦០ លោក ទេព ឃុនណា ត្រូវជាឳពុកបង្កើត លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់បច្ចុប្បន្ន ៕