តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshiro Mori បានសម្តែងការមិនសប្បាយចិត្ត ចំពោះការរិះគន់ទាំងក្នុងស្រុក និងក្រៅស្រុក ប្រឆាំងនឹងការលើកឡើងរបស់លោក អំពីស្ត្រីនាំឲ្យលោកលាលែងពីមុខតំណែង ជាប្រធានកីឡាអូឡាំពិក ទីក្រុងតូក្យូកាលពីឆ្នាំមុន។
លោក Mori បាននិយាយនៅពិធីជប់លៀង នៅទីក្រុងតូក្យូជាមួយសមាជិកសភា នៃគណបក្សសេរីនិយម កំពុងកាន់អំណាច ដោយសំដៅលើការអត្ថាធិប្បាយ របស់លោករួមបញ្ចូលទស្សនៈ របស់លោកអំពីទំនោររបស់ស្ត្រី ក្នុងការនិយាយច្រើនពេកថា ខ្ញុំនិយាយសាមញ្ញថា ស្ត្រីនិយាយច្រើន។ អតីតនាយករដ្ឋមន្ត្រី ក៏បាននិយាយថា ពិភពលោកនឹងឆ្កួត ព្រោះអ្នកនយោបាយ មិននិយាយរឿងពិត។
លោក Mori ជាអតីតប្រធានគណៈកម្មាធិការ រៀបចំអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ បាននិយាយនៅការជួបជុំ របស់គណៈកម្មាធិការអូឡាំពិកជប៉ុន កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការឲ្យស្ត្រីចូលរួមក្នុងកិច្ចប្រជុំ មានន័យថាពួកគេមានទំនោរអូសទាញ។ លោកបានសុំទោស និងដកមតិចេញវិញនៅថ្ងៃបន្ទាប់ ប៉ុន្តែបាននិយាយថា លោកនឹងមិនលាលែងពីតំណែងទេ។
ទោះជាយ៉ាងណាក៏ដោយ លោកត្រូវបានគេរិះគន់ យ៉ាងទូលំទូលាយថា ជាមនុស្សមិនស្មោះត្រង់ ហើយខណៈការអត្ថាធិប្បាយ របស់លោកបានទាក់ទាញ ការប្រតិកម្មពីសាធារណជន និងអ្នកឧបត្ថម្ភសាជីវកម្មកំពូល នៃការប្រកួតនោះ ទីបំផុតលោក បានលាលែងពីតំណែង។
លោក Mori ត្រូវបានគេស្គាល់ថា បានធ្វើសុន្ទរកថា ចម្រូងចម្រាសជាច្រើន ក្នុងពេលកន្លងមក។
លោកជានាយករដ្ឋមន្ត្រីនៅចន្លោះឆ្នាំ ២០០០ និង ២០០១ លោកបាននិយាយថា ប្រទេសជប៉ុនគឺជា ប្រជាជាតិដ៏ទេវភាព ដែលផ្តោតលើព្រះចៅអធិរាជ ជាទស្សនៈមួយប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ក្រោយសង្រ្គាមរបស់ប្រទេស។ ទាក់ទងនឹងការកត់សម្គាល់ និងការរិះគន់ដែលកើតឡើងនោះ Mori បានបន្ថែមថា ខ្ញុំមិនដឹងថាមានអ្វីខុសអំពីវាទេ។ ខ្ញុំគិតថាមានមនុស្ស ដែលចង់ឱ្យខ្ញុំបាក់ទឹកចិត្ត៕ ដោយ៖លី ភីលីព