បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden វ័យ ៧៩ឆ្នាំ បានដួលកង់ពេលព្យាយាម ឈប់ស្វាគមន៍អ្នកគាំទ្ររបស់លោកក្នុងក្រុង Rehoboth រដ្ឋ Delaware កាលពីថ្ងៃសៅរ៍។ សេតវិមានបាននិយាយថា លោក Joe Biden មិនតម្រូវឱ្យមានការយកចិត្ត ទុកដាក់ខាងវេជ្ជសាស្ត្រ ទេបន្ទាប់ពីធ្លាក់ពីលើកង់នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពវីដេអូ នៃឧបទ្ទវហេតុនេះ បង្ហាញពីលោក Biden ឆ្លងកាត់ផ្លូវក្នុងល្បឿនយឺត មុនពេលដាក់ជើងមួយចុះលើផ្លូវកៅស៊ូ ដូចជាចង់ចុះពីលើកង់ ប៉ុន្តែ ផ្ទុយទៅវិញ លោកប្រធានាធិបតីបានដួលចុះមកលើដី។
លោក Biden ដែលពាក់មួកសុវត្ថិភាព ត្រូវបានជំនួយការជួយ។ គាត់បានជិះចេញបន្ទាប់ពីបាននិយាយយ៉ាង ខ្លីទៅកាន់ក្រុមអ្នកគាំទ្រ ដ៏តិចតួចដែលបានប្រមូលផ្តុំគ្នាតាមផ្លូវកង់ របស់គាត់៕
ប្រែសម្រួលៈ ណៃ តុលា
