ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងថ្នាក់ដឹកនាំខេមរសហព័ន្ធនាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណើរកីឡាករតេក្វាន់ដូ ៣រូប និងលោកគ្រូជនជាតិកូរ៉េ២រូបធ្វើដំណើរទៅចូលរួមការប្រកួតជើងឯកតេក្វាន់ដូ អាស៊ី និងការប្រកួតជើងឯងតេក្វាន់ដូកូរ៉េ នៅទីក្រុង Chuncheon នៅសាធារណរដ្ឋកូរ៉េខាងត្បូង ។

លោកបណ្ឌិត ជ្រិន សុធាបានមានប្រសាសន៍ថា ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករជម្រើសជាតិតេក្វាន់ដូWT ចំនួន ៥ រូបទៅចូលរួមការប្រកួតតេក្វាន់ដូជើងឯកអាស៊ី ឆ្នាំ២០២២ “Asian Taekwondo Championship 2022” និងចូលរួមការប្រកួតជើងឯងតេក្វាន់ដូកូរ៉េ ឆ្នាំ២០២២ “Chuncheon Korea Open International Taekwondo Championships 2022” នៅ Chuncheon នៅសាធារណរដ្ឋកូរ៉េខាងត្បូង។

លោកបានបន្តថា ការប្រកួតតេក្វាន់ដូជើងឯកអាស៊ី ឆ្នាំ២០២២ “Asian Taekwondo Championship 2022” ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីការប្រកួត កីឡាករទំាង៣រូបបន្តហ្វឹកហាត់បន្ថែមទៀតនៅទីក្រុង Chuncheon ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតជើងឯងតេក្វាន់ដូកូរ៉េ ឆ្នាំ២០២២ “Chuncheon Korea Open International Taekwondo Championships 2022” ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនាដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
គ្រូបង្វឹក គ្រូជំនួយ និងកីឡាករជម្រើសជាតិតេក្វាន់ដូWT ចំនួន ៥ រូបរួមានលោកគ្រូ ឆយ យ៉ុងសុក គ្រូបង្វឹក លោកគ្រូ ឆុន សាមយ៉ុង គ្រូជំនួយ កីឡាករ វ៉ា មិថុនា កីឡាករ សំ យូដេត និងកីឡាករ ទួន ណាវុធ កីឡាករ។កីឡាករ ទួន ណាវុធ កីឡាករ ប្រកួតលើវិញ្ញាសាសម្តែងមេគុនឯកត្តជនបុរស កីឡាករ វ៉ា មិថុនា ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម និងកីឡាករ សំ យូដេត ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម៕
ដោយ៖លី ភីលីព
