ក្លឹប Manchester United បានសម្រេចលើតម្លៃក្នុងដាក់លក់ ខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារ Eric Bailly ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅក្នុងថ្ងៃនេះ។

Martial ត្រូវបាន Man Utd កំណត់ដាក់លក់ក្នុងតម្លៃប្រមាណ ២៤,៥លានដុល្លារ ខណៈកាលទិញចូលកាលពីឆ្នាំ២០១៥ ចំណាយអស់ជាង៤៤លានដុល្លារ។ រីឯ Bailly វិញក្រុមបិសាចក្រហមនឹងលក់ ក្នុងតម្លៃជិត ១០,៥លានដុល្លារ ដោយកាលទិញចូលកាលពីឆ្នាំ២០១៦ ចាយជិត ៣៧លានដុល្លារ។
កីឡាករទាំងពីររូបនេះសុទ្ធតែជាកីឡាករ ដែលធ្លាប់សាងឈ្មោះល្អនៅក្នុង Man Utd ដោយជួយក្រុមបានច្រើន ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេមិនសូវបាន ចូលលេងពេញលេញ ដោយសារតែរបួសកាយសម្បទា ក៏ដូចជាស្ថានភាពនានារបស់ក្លឹប ។

នៅក្នុងរដូវកាលថ្មីនេះ បើតាមសារព័ត៌មាន Daily Mail អ្នកចាត់ការថ្មី លោក Erik Ten Hag ចង់នាំចូលកីឡាករ៥នាក់ ដើម្បីមកជួយ Man Utd ដោយមាន Frenkie de Jong មកពី Barcelona, Christian Eriksen មកពី Brentford , Antony និង Jurrien Timber មកពី Ajax រួមបន្ថែមនឹងអ្នកចាំមួយរូបថ្មីទៀត។ មកទល់នឹងពេលនេះក្លឹបនេះ មិនទាន់នាំចូលកីឡាករណាមួយបានជាផ្លូវការនៅឡើយទេ៕ Source: Sabay
