ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ព្រមទំាង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និងតំណាងសាកលទំាង៣៨។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញដោយធ្វើការប្រកួតទៅលើវិញ្ញាសា ចំនួន ៨៨វិញ្ញាសា និងប្រភេទកីឡាចំនួន ១២ រួមមាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ។

ការប្រកួតកីឡានេះតម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ពិសេសជាងនេះទៀតនោះ ឱ្យស្របទៅតាមលំនាំនៃការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យមានលក្ខណៈជាហ្គេម (GAMES) ទៅនឹងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) ។


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមកីឡាគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេសទាំងសាធារណៈ និងឯកជនកន្លងមកបានខិតខំប្រឹងប្រឹង ចំណាយពេលវេលា ស្មារតី សម្ភារ និងថវិកាធ្វើសកម្មភាពកីឡាក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងការរៀបចំ និងចូលរួមប្រកួតនៅថ្នាក់រាជធានីខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាពិសេស ចំពោះគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេមានគោលនយោបាយលើកទឹកចិត្ត បានយកចិត្តទុកដាក់លើការសិក្សា និងផ្តល់អាហាររូបករណ៍ដល់កីឡាករ-ឡាការិនីជាសិស្ស និងនិស្សិតក្នុងសកម្មភាពកីឡា នេះជាការសបញ្ជាក់ពីការរួមចំណែកយ៉ាងធំធេងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅការរៀបចំកីឡា SEA GAMES ឆ្នាំ២០២៣ ក៏ដូចជាលើកកម្ពស់គុណភាព ការបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

លោកបានបន្តថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន និងសាធារណៈជនគ្រប់ស្រទាប់វណ្ណៈ ដែលសង្កេតឃើញថាលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន ក្រុមហ៊ុន ដៃគូរឯកជន រហូតដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ សមិទ្ធិផលខាងលើនេះ មិនអាចកាត់ផ្តាច់ចេញបានពីនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ និងនាំសន្តិភាពពេញលេញជូនជាតិមាតុភូមិធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ បានបង្ហាញឱ្យឃើញនូវភាពរីកចម្រើនវិស័យអប់រំកាយ និងកីឡា នៅក្នុងតំបន់ និងពិភពលោក ទើបរដ្ឋាភិបាលទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣៕
ដោយ៖លី ភីលីព
