ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” នៅថ្ងៃទី២២ ខែមិថុនា ក្រុមការងារ NOCC នឹងធ្វើការផ្សព្វផ្សាយស្ដីពីគុណតម្លៃកីឡាអូឡាំពិក និងដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដល់សិស្សានុសិស្សប្រមាណជាង ៦០នាក់នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។
លោក ប៊ុយ សោភ័ណ្ឌ ជាទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា សម្រាប់ការអបអរទិវាកីឡាអូឡាំពិកឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំនៅខេត្តកែបរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចំពោះថ្ងៃដំបូងក្រុមការងារ NOCCចុះទៅផ្សព្វផ្សាយនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងវិទ្យាល័យ ហ៊ុន សែន ចំការដូង ដែលមានសិស្សានុសិស្ស៦០ទៅ៧០នាក់ចូលរួមក្នុងកម្មវិធីខាងលើកនេះ។


លោកបានបន្តថា ចំណែកចំណុចនេះ គឺយើងធ្វើការផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ការប្រកួត ហើយក្រោយពីធ្វើបទបង្ហាញរួច ក្រុមការងារបានរៀបចំការលេងកីឡាផ្សេងៗទៀត ជាច្រើនសម្រាប់សិស្សានុសិស្សនៅទីនេះ។

ដោយឡែកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ NOCC នឹងរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរព្រឹត្តិការណ៍ខាងលើ តែកម្មវិធីនេះ មិនផ្ដោតលើការប្រកួតប្រជែងនោះទេ គឺជាការជិះលក្ខណៈកម្សាន្ដជុំវិញក្រុងកែប ដោយចេញដំណើរ និងបញ្ចប់នៅឆ្នេរសមុទ្រ «ស្រីស»។ តាមគម្រោងមានសមាជិកចំនួន ៥០នាក់ នឹងចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅទីនោះចូលរួមដែរ។

