ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងសមត្ថភាព និងការបណ្ដុះបណ្ដាលធនធាន មនុស្ស ដើម្បីឆ្លើយតបទៅបរិបទសកលភាវូបនីយ៍កម្ម ស្របពេល ដែលប្រទេសជាតិ កំពុងអភិវឌ្ឍន៍។
ធនធានមនុស្ស ដែលបានកើតចេញពីការអប់រំ បណ្ដុះបណ្ដាល ជាទំពាំងស្នងឫស្សី និងជាសសរទ្រូង សម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្រ្ត ការអប់រំ សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ។
លោកបានបន្តថា ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអប់រំ សម្រាប់ទាំងអស់គ្នា នៅកម្ពុជា គឺការធានា ការអប់រំ ប្រជាពលរដ្ឋ គ្រប់ រូប អោយ ទទួល បានដោយស្មើភាព នូវការអប់រំ មូលដ្ឋាន ប្រកបដោយគុណភាព ព្រមទាំង ត្រៀមលក្ខណៈ ជូនប្រជាពលរដ្ឋ ទាំងនោះ អោយ បំពេញ តួនាទី ដ៏ សកម្ម មួយ នៅក្នុងការកសាងប្រទេសជាតិ ខ្លួនឡើងវិញ សំដៅធ្វើសមាហរណកម្ម កម្ពុជា ទៅក្នុង សហគមន៍ សកលលោក ផ្អែក លើ ពុទ្ធិ ។
“ប្រទេសជាតិមួយមានការអភិវឌ្ឍ និងរីកចម្រើនបាន លុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន នៃប្រជាពលរដ្ឋ របស់ជាតិសាសន៍នោះ”៕