ភ្នំពេញ ៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប គ្រងតំណែងជើងឯក នៃព្រឹតិ្តការណ៍ការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២ ក្នុងឳកាសពិធីប្រកាសបិទជាផ្លូវការ ដោយមានការអញ្ជើញពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ២ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ក្រុមកីឡាសាកលវិទ្យា ល័យអាស៊ីអឺរ៉ុបឈរកំពូល តារាងដណ្តើមមេដាយមាស ២២ ប្រាក់៦ និងសំរឹទ្ធ២ សរុប៣០គ្រឿង វិទ្យាស្ថានខេមអេដជាប់លេខ២ មេដាយមាស៩គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ១៦គ្រឿង និងសាកលវិទ្យាល័យវេស្ទើនជាប់លេខ ៣ មេដាយមាស៨គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង ។ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ បានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់ មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ៨៨វិញ្ញាសា ។

លោក ប៊ូ ជុំសេរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការ ជំនាញទាំងអស់ ព្រមទាំងប្រតិភូកីឡា នៃសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំង៣៨ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជា នៃការប្រកួត ក្រមសីលធម៌ Fair Play និងទទួលបានលទ្ធផលល្អ ជូន សាកលវិទ្យាល័យ ។ គណៈកម្មការបច្ចេកទេសទាំង១២បានរៀបចំ និងដឹកនាំការប្រកួត តាមគោលការណ៍បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ កីឡាការិនីឆ្នើមៗ នាពេលនេះ ។

លោកបានបន្តថា ដំណើរឆ្ពោះទៅការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីនិស្សិត ជាផ្លូវវែងឆ្ងាយត្រូវការ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយយើងត្រូវការប្រមូលកម្លាំងសរុប និងធនធានសរុប ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យ របស់សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ និងការបណ្ដុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០៕




