ការប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់នឹងលេងនៅប្រទេសកូឌីវ័រក្នុងឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៣ទេ។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកលោក Patrice Mostsepe។
តាមគម្រោងព្រឹត្តិការណ៍នឹងរៀបចំនៅខែមិថុនា-កក្កដា ឆ្នាំ២០២៣ ដែលជារដូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកូឌីវ័រ។ ដូច្នេះហើយទើបមានការប្រកាសពន្យារពេល ជាជាងទទួលយកហានិភ័យ។ មួយវិញទៀតដោយសារតែព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតាក្នុងខែវិច្ឆិកា-ធ្នូឆ្នាំនេះក៏កាន់តែខិតជិតមកដល់ សហព័ន្ធបាល់ទាត់អាហ្វ្រិកសម្រេចរុញការប្រកួតរបស់ខ្លួនទៅឆ្នាំ២០២៤តែម្ដង។
នេះមានន័យថា ពាន Africa Cup of Nations នឹងរៀបចំនៅខែមករានិងកុម្ភៈជាលើកទីពីរជាប់គ្នា បន្ទាប់ពីការប្រកួតនៅឆ្នាំនេះក្នុងប្រទេសកាមេរ៉ូន។ ជាការពិតការប្រកួតនៅដើមឆ្នាំបែបនេះ ប៉ះពាល់ដល់កីឡាករមួយចំនួនដែលប្រកបអាជីពនៅអឺរ៉ុប ប៉ុន្តែលោក Mostsepe បញ្ជាក់ថា នេះគឺជាជម្រើសតែមួយដែលមាន៕