ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើមមេដាយច្រើនជាងគេ ខណៈក្រុមកីឡាករ-កីឡាការិនី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមក្រោម នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ នៅសាលវាយសី នៃពហុកីឡដ្ឋានជាតិ ក្នុងចំណោមក្លិប និងសមាគមកីឡាវាយសី ចំនួន១២ ចូលរួម រៀបចំដោយ សហព័ន្ធកីឡាវាយសី និងក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសពិធិបិទព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ កីឡាវាយសីកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមប្រគល់មេដាយ និងជយលាភីដល់កីឡាករ-កីឡាការិនីនៅសាលវាយសី នៃពហុកីឡដ្ឋានជាតិ។
ក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ឈរកំពូលតារាង ប្រកួតប្រចាំឆ្នាំ២០២១ ខណៈក្រុមកីឡាករ-កីឡាការិនី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ជាប់ចំណាត់លេខ ២ ចំណែកក្រុមកីឡាករ-កីឡាការិនី ពហុកីឡដ្ឋានជាតិ ក្រុមកីឡាករ-កីឡាការិនី ខេត្តបាត់ដំបង និងក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ចាម ដណ្តើមមេដាយមាស ១គ្រឿងដូចគ្នា។
ចំពោះក្រុមកីឡាករ-កីឡាការិនី ខេត្តប៉ៃលិន ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តស្វាយរៀង ក្រុមកីឡាករ-កីឡាការិនីការពារអាកាស និងក្រុមកីឡាករ-កីឡាការិនីភ្នំពេញ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តសៀមរាប ដណ្តើមមេដាយសំរិទ្ធ ២ គ្រឿង រីឯក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង៕ ដោយ៖លី ភីលីព



