ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតពានរង្វាន់មិត្តភាព នៅទឹកដីប្រទេសថៃម្សិលមិញនេះ។
ក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Erik ten Hag ឃើញថាមានទម្រង់លេងប្លែក និងល្អប្រសើរច្រើន ជាពិសេសការសម្រុកទៅមុខ។ ជាក់ស្ដែងនៅត្រឹមតង់ទី១ ក្រុម Man Utd បាននាំមុខទៅលើក្រុម Liverpool បាន ៣គ្រាប់ទៅហើយ ដោយ Sancho នៅនាទី១២ Fred នាទី៣០ និង Martial នៅនាទី៣៣។ ដោយឡែកនៅតង់ទី២ ក្រុមបិសាចក្រហមក៏បន្ថែម១គ្រាប់ទៀតបាន ដោយ Pellistri នៅនាទី៧៦ ដើម្បីបញ្ចប់ការប្រកួត យកឈ្នះលើក្រុម Liverpool បានក្នុងលទ្ធផល ៤-០។
ក្រោយចប់ការប្រកួត លោក Ten Hag បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំរីករាយជាមួយលទ្ធផលថ្ងៃនេះ។ វាជាក្រុមដែលពោរពេញដោយកម្លាំង ហើយយើងក៏ដឹងថា នេះគ្រាន់តែជាការចាប់ផ្ដើមផងដែរ។ យើងបានបង្កើតកំហុសតាមដេញបាល់ យើងបង្កើតកំហុសនៅតំបន់បញ្ចប់ទី ប៉ុន្តែយើងបានបង្កើតឱកាសច្រើនដែរ។ ខ្ញុំមិនចង់ឱ្យយើងគិតល្អច្រើនពេកទេ ពីការប្រកួតនេះ”៕ Source: Sabay