ភ្នំពេញ ៖ ទីបំផុតកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស លើវិញ្ញាសា វាយយកពិន្ទុ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ពិភពលោក “The World Games 2022” នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ កីឡាការិនីម្ចាស់ផ្ទះ អាមេរិក Rebeka HOWE ដោយលទ្ធផល ៤១ទល់២១ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២នេះ ។
ការប្រកួតមានប្រទេសចំនួន៨ ចូលរួមប្រកួតលើវិញ្ញាសាវាយយកពិន្ទុនេះ ក្នុងនោះកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប មានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំនៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ។
ចំពោះកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូបមានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់ លេខ៣ ត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនី ដាណឺម៉ាក Katrine JUNGE ហើយកីឡាការិនី ម្ចាស់មេដាយមាស ពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរ ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនី អាមេរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
នៅវគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយ បានយកឈ្នះពិន្ទុដាច់ លើកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសា វាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង ។
បន្ទាប់ពីទទួលបានជោគជ័យ លើវិញ្ញាសាវាយយកពិន្ទុអ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូ ជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើ វិញ្ញាសាវាយគូរនារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ ៕