ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកនាថ្ងៃទ១៣ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសបិទវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាហែលទឹក កម្រិត២” (FINA Swimming Coaches Certification Course – Coach Level2) នៅអាងហែលទឹករបស់សហព័ន្ធនៃពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញពីសំណាក់ លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក MIGUEL LOPEZ ជាគ្រូឧទ្ទេសជនជាតិអេស្ប៉ាញរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបាននិយាយថា វគ្គសិក្សាតាមរយៈអនឡាញ (Online Course) ចាប់ពីថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សិក្ខាកាមទាំងអស់ត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តាយរយៈការចុះឈ្មោះចូលរួមពីសហព័ន្ធខ្មែរកីឡាហែលទឹក ដោយចាប់ផ្តើមការសិក្សាតាមរយៈអនឡាយរយៈពេល ១ខែ ភ្ជាប់ជាមួយនូវឯកសារ និងការប្រលងសមត្ថភាព ដោយមានលោកគ្រូឧទ្ទេសជួយសម្របសម្រួលបន្ថែម សិក្ខាកាមទាំងអស់ត្រូវបំពេញលក្ខខណ្ឌតាមការកំណត់ឲ្យបានគ្រប់ចំនួន ៨៧ភាគរយដោយមេរៀនតាមរយៈអនឡាញ នោះទើបសិក្ខាកាមអាចចូលសិក្សាវគ្គបន្តបាន គឺជាវគ្គសិក្សាដោយផ្ទាល់ជាមួយលោកគ្រូឧទ្ទេស ។
លោកបានបន្តថា វគ្គសិក្សាដោយផ្ទាល់ជាមួយគ្រូឧទ្ទេស (Face to Face Course) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សិក្ខាកាមរៀនពីការត្រួតពិនិត្យ និងរៀបចំអំពីផែនការហ្វឹកហាត់ បញ្ជាក់អំពីកាលវិភាគនៃការសិក្សាវគ្គបណ្តុះបណ្តាល ការរៀបចំខ្លួនរបស់គ្រូបង្វឹក សិក្សាស្វែងយល់អំពីកាយសិរីសាស្រ្ត និងសរីរវិទ្យា (ធាតុផ្សំនៅក្នុងរូបរាងកាយរបស់មនុស្ស), សិក្សាអំពីវិទ្យាសាស្រ្តកីឡា (FMS, CAS) នៅក្នុងប្រភេទកីឡាហែលទឹក ការពិនិត្យទៅលើទីលានហ្វឹកហាត់ និងអាងហែលទឹក ការប្រមូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយ ការពិនិត្យទៅលើការអភិវឌ្ឍរបស់កីឡាករ-កីឡាការិនីតាមកម្រិតអាយុ, ការបង្ហាញចំណាប់អារម្មណ៍ក្រោយពីសិក្សាវគ្គ ការទទួលយកមតិកែលម្អ ការពិភាក្សាក្រោយពីការបញ្ចប់វគ្គសិក្សារបស់សិក្ខាកាម និងត្រួតពិនិត្យអំពីវិញ្ញាសានៃការប្រលងសមត្ថភាព ។
ការវាយតម្លៃវគ្គសិក្សាសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០ ភាគរយ និទ្ទេសល្អបង្គួរ ២០ភាគរយ និង និទ្ទេសមធ្យម ១០ភាគរយ។ វគ្គបណ្តុះបណ្តាលនេះអាចរៀបចំទៅបាន ដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់នូវគម្រោងថវិកាប្រចាំឆ្នាំ មកកាន់សហព័ន្ធខ្មែរកីឡាហែលទឹក។
លោក ហែម ចាន់លី បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទៅធ្វើការអនុវត្តដោយផ្ទាល់ក្នុងការបង្កើននូវសមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹក ដល់ការបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីហែលទឹកនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ដើម្បីធនធានមនុស្សឲ្យបានច្រើនសម្រាប់វិស័យកីឡាហែលទឹកមួយដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិឲ្យកាន់តែរីកចម្រើន និងការចង្អុលបង្ហាញលោកទេសរដ្ឋមន្រ្តីប្រធានសហព័ន្ធ៕ លី ភីលីព