ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman ដែលបច្ចុប្បន្នជាកីឡាកររបស់ Bayern Munich ជាកីឡាករមួយរូប ដែលបានឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករ បាល់ទាត់របស់គេតែម្ដង។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមលេងក្នុងក្រុមឈុតធំ អស់រយៈពេល១០រដូវកាលហើយ ដោយលេងឲ្យក្លឹប Paris Saint Germain ក្លឹប Juventus និងក្លឹប Bayern Munich ដោយក្នុងរយៈពេល១០រដូវកាលនោះ គេឈ្នះពានលីគកំពូល រាល់រដូវកាលជាមួយក្លឹបនោះ ដែលជាហេតុធ្វើឲ្យគេក្លាយជាកីឡាករ ដែលឈ្នះពានលីគកំពូលពេញមួយអាជីពរបស់គេ គិតមកទល់នឹងពេលនេះ។
Coman បានចាប់ផ្ដើមអាជីព ក្រុមឈុតធំដំបូងនៅ PSG ក្នុងរដូវកាលឆ្នាំ២០១២/១៣ និង២០១៣/១៤ ដោយឈ្នះពាន Ligue 1 ២ដង រួចក៏ផ្លាស់ទៅលេងឲ្យក្លឹប Juventus ក្នុងរដូវកាលឆ្នាំ២០១៤/១៥ និង២០១៥/១៦ ដោយក្នុងរដូវកាលទាំងនោះក្លឹបនេះ ឈ្នះពានលីគកំពូល Serie A ២ដងជាប់គ្នាតែម្ដង។
យ៉ាងនៅក្នុងរដូវកាលឆ្នាំ២០១៥/១៦នោះ រួមផ្សំនឹងរដូវកាលឆ្នាំ២០១៦/១៧ កីឡាកររូបនេះត្រូវបានខ្ចីជើង ទៅលេងនៅ Bayern ក៏បានឈ្នះពានលីគកំពូល Bundesliga ២ដងផងដែរ ក្រោយមកក្នុងរដូវកាលឆ្នាំ២០១៧/១៨ Bayern ក៏បានទិញផ្ដាច់ពី Juventus ហើយក៏កីឡាករនេះក៏បន្តឈ្នះពាន Bundesliga ៥ដងទៀត មកទល់នឹងរដូវកាលឆ្នាំ២០២១/២២ ដោយសរុបទៅ Coman បានឈ្នះ Bundesliga ៧ដង ជាមួយនឹង Bayern ។
នៅក្នុងរដូវកាលថ្មីឆ្នាំ២០២២/២៣ នេះ Coman ក៏បន្តនៅ Bayern ផងដែរ ដូច្នេះចាំមើលៗគេនឹងបន្តឈ្នះពានលីគកំពូល ជាមួយក្លឹបនេះទៀតទេ។
ពេញមួយអាជីពជាកីឡាករ បាល់ទាត់ក្រុមឈុតធំរបស់ Coman ក្នុងរយៈពេល ១០ឆ្នាំមក គេបានចូលរួមប្រកួតសរុប ២៥៧ប្រកួត និងស៊ុតចូល ៤៩គ្រាប់ ដោយក្រៅពីឈ្នះពានលីគកំពូលជាប់គ្នា ក្នុងរយៈពេលកន្លងទៅនេះ កីឡាករនេះក៏បានឈ្នះពាន UEFA Champions League ផងដែរជាមួយ Bayern រដូវកាលឆ្នាំ២០១៩/២០៕ Source: Sabay