ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ទីក្រុងភ្នំពេញបានរកឃើញក្រុមជើងខ្លាំងចំនួន៥ក្នុងចំណោមក្រុមជើងខ្លាំង២០ក្រុមមកចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ការប្រកួតនេះរៀបចំដោយអង្គការផ្កាយសមុទ្រ (ISF)សហការជាមួយក្រុមហ៊ុន AIA Cambodia នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ។

លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់ថ្នាក់សហគមន៍មួយមានគោលដៅផ្តល់ឱកាសស្មើរគ្នាក្នុងការលេងបាល់ទាត់ដល់កុមារ និងយុវជនរង ផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើងយេនឌ័រ និងសង្គមជាដើម ។ ក្រោមការផ្តួចផ្តើមរបស់ អង្គការផ្កាយសមុទ្រ ជាអង្គការសប្បុរសធម៌មួយនៅកម្ពុជា រួមចំណែកជួយកាត់បន្ថយភាពក្រីក្រតាមរយៈការអប់រំ សេវាថែទាំសុខភាព និងកីឡា ក្រុមការងាររៀបចំការប្រកួតបាល់ទាត់នេះបាន សហការយ៉ាងជិតស្និតជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល សាលារៀន និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីផ្តល់ឱកាសហ្វឹកហាត់ និងប្រកួតបាល់ទាត់ដល់កុមារ និងយុវជន ដែលមិនមានឱកាសចូលរួម ក្នុងសកម្មភាពទាំងនេះ ។


លោកស្រីបានបន្តថា តាំងពីចាប់ផ្តើមសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ចាប់ពីឆ្នាំ២០១៧មក អង្គការផ្កាយសមុទ្រ បានប្តេជ្ញាចិត្តពង្រីកវិសាលភាពនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជននេះ ។ ក្នុងឆ្នាំនេះ ស្ថាប័នទាំងពីរបានរួមគ្នារៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ៥តំបន់ក្នុងខេត្តផ្សេងៗចំនួន៤ ដូចជា រាជធានីភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺ ជាដើម ដោយមានការចូលរួមពីកីឡាករ-កីឡាការនីលើសពី ២,០០០នាក់ ។

ក្នុងឆ្នាំដំបូងនៃការពង្រីកកម្មវិធីនេះ អង្គការផ្កាយសមុទ្រក៏បានគ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ ព្រ័ត្រ AIA – ISF Grand Championship League ផងដែរ ។ ក្រុម ដែលឈ្នះតាមប្រភេទអាយុផ្សេងៗ ដូចជា៖ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ, ក្រោម ១៤ឆ្នាំ និងកុមារីក្រោម ១៤ឆ្នាំ និង ១៨ឆ្នាំនឹងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រក្នុ ង រាជធានីភ្នំពេញ ។ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន AIA Cambodia បានកំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ការ ប្រកួតនេះមិនត្រឹមតែរួមចំណែកដល់ការបង្កើតសហគមន៍កីឡានៅទូទាំងប្រទេស តែថែមទាំងជម្រុញ ស្មារតីស្រលាញ់កីឡា សាមគ្គីភាព និងការកំណត់គោលដៅសម្រាប់កីឡាករ និងកីឡាការនីទាំងនោះ ទៀតផង៕
ដោយ៖លី ភីលីព
