ក្លឹប Bayern Munich ត្រូវបានរាយការណ៍ថា យល់ព្រមលើកិច្ចព្រមព្រៀង តម្លៃខ្លួន៦៨លានផោន សម្រាប់ខ្សែការពាររបស់ Juventus កីឡាករ Matthijs de Ligt ដែលការផ្ទេរ រំពឹងនឹងបញ្ចប់នៅ ប៉ុន្មានថ្ងៃខាងមុខ ។
ក្លឹបយក្សនៅ Bundesliga ត្រូវបានគេដឹងថា បានយល់ព្រមផ្ដល់កុងត្រា រយៈពេល៥ឆ្នាំជាមួយ De Ligt ដែលធ្វើឲ្យខ្សែការពារ សញ្ជាតិហុល្លង់រូបនេះនៅ Munich ដល់ឆ្នាំ២០២៧។ ក្រៅពី Bayern ក្លឹបនៅអង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ចង់បាន De Ligt ដូចគ្នា ។
មួយរយៈមុន Chelsea បានព្យាយាមតាមទិញ De Ligt មករួមក្រុម ប៉ុន្តែពេលនេះដូចជាអស់ឱកាសហើយ និងកំពុងស្វែងរកគោលដៅថ្មី ក្រោយក្លឹបទើបទិញបានខ្សែការពារ Koulibaly ពី Napoli។ De Ligt បានមកចូលរួមជាមួយ Juventus ក្នុងតម្លៃខ្លួន៦៧,៥លានផោនកាលពីឆ្នាំ២០១៩ ក្រោយបង្ហាញទម្រង់លេងល្អនៅ Ajax ។
កីឡាករវ័យ២២ឆ្នាំ បានបង្ហាញខ្លួនបាន១១៧ប្រកួត ឲ្យក្រុមរហស្សនាម Old Lady និងរកបាន៨គ្រាប់ ក្នុងរយៈពេល៣រដូវកាល ។ ការមកដល់របស់ De Ligt នឹងជំនួសកន្លែងរបស់ Niklas Sule ដែលចាកចេញទៅកាន់ Dortmund ៕