ភ្នំពេញ ៖ ការប្រកួតព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមកីឡាបាល់ទះ ជនពិការកម្ពុជា បានប្តេជ្ញាយ៉ាងអស់ពីចិត្ត ក្នុងការដណ្តើមមេដាយ ជូនប្រទេសជាតិ បន្ទាប់ពីពួកគេបានខិតខំ ប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព មុនចេញទៅចូលរួមប្រកួតជាផ្លូវការ។

ប្រធានក្រុមកីឡាបាល់ទះ ជនពិការកម្ពុជាកីឡាករ អ៊ូ ផល្លា បាននិយាយថា ក្រុមកីឡាបាល់ទះជនពិការកម្ពុជា បានហ្វឹកហាត់ ជាច្រើនឆ្នាំយ៉ាងសកម្ម បើទោះជាគ្មានការប្រកួតក៏ដោយ ក៏ក្រុមទាំងនៅតែបន្ត ហ្វឹកហាត់ជាប្រចាំដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្រុម របស់ខ្លួនឲ្យមានភាពរីកចម្រើន គ្រប់ចំណុចមិនថា ការផ្ដាច់ និងការធ្វើរនាំងជាដើមដែលធ្វើឲ្យមានក្តីរំពឹងទុកខ្ពស់ ក្នុងការយកបានមេដាយ ពីព្រឹត្តិការណ៍នេះ។

កីឡាកររូបនេះថា ការហ្វឹកហាត់របស់យើងហាត់ រហូតតាំងពី ២០១៩ មករហូត លោកបានមើលឃើញកូនក្រុមមាន ការរីកចម្រើនច្រើនទាំងការផ្ដាច់ និងការធ្វើរនាំង បើធៀបនឹងការប្រកួតនៅម៉ាឡេស៊ី កាលអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧។ ខ្ញុំជឿថា យើងនឹងបានមេដាយ ឆ្នាំនេះ ព្រោះកាលពី២០១៧ យើងបានមេដាយប្រាក់ ។

ទោះបីជាយ៉ាងណា ក្រោយការខកខានជួបគ្នាច្រើនឆ្នាំ ដោយសារការផ្អាកសកម្មភាព ប្រកួតព្រោះកូវីដ-១៩ បានធ្វើឲ្យ អ៊ូ ផល្លា មិនហ៊ានសន្យាថា នឹងឈ្នះដាច់ខាតទេ ពីព្រោះកម្ពុជា មានការហ្វឹកហាត់ខ្លាំង ហើយប្រទេសផ្សេងៗ ក៏ហាត់ខ្លាំងដូចគ្នា៕


