ភ្នំពេញ៖ ក្រុមកីឡាករវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះការរៀបចំការប្រកួត ជាផ្លូវដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ក្នុងឳកាសពិធីប្រគល់ជយលាភី និងប្រគល់មេដាយជូនក្រុមកីឡាករ-កីឡាការិនីជាប់ចំណាត់ថ្នាក់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ចាប់ផ្តើមការប្រកួតជាផ្លូវការ នាថ្ងៃទី១៩រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានក្លិបចូលរួមចំនួន១០ក្លិបលើក៤វិញ្ញាសាធំ គឺវិញ្ញាសាឯកត្តជនបុរស-នារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយក្រុមបុរស។
លោកបានបន្តថា ក្លិបទំាង១០ចូលរួមដូចជា ក្លិបកីឡាវាយកូនឃ្លីលើតុរដ្ឋសភាសែនជ័យ ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាម៉ិច ក្លិបកីឡាវាយកូនឃ្លីលើតុអូតូប៊ល ក្លិបកីឡាវាយកូនឃ្លីលើតុព្រះនរាយ៍ ក្លិបកីឡាវាយកូនឃ្លីលើតុ៥បៀល (5build) ក្លិបកីឡាវាយកូនឃ្លីលើតុបុរី ជីប៊ីអេស៊ីដេន ក្លិបកីឡាវាយកូនឃ្លីលើតុលីស៊ីងគ្រុប ក្លិបកីឡាវាយកូនឃ្លីលើតុសេនត្រលផកស្ពតខំផ្លិច និងក្លិបកីឡាវាយកូនឃ្លីលើតុហ្វើសសាត។
សម្រាប់វិញ្ញាសាវាយគូបុរស៖ មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើក្លិប បុរី ជីប៊ីអេស៊ីដេន និងក្លិប ៥បៀល (5build)។ វិញ្ញាសាវាយក្រុមបុរស៖មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិប ឌីណាម៉ិច និងមេដាយសំរិទ្ធបានទៅលើក្លិបព្រះនរាយ៍ និងក្លិបបុរី ជីប៊ីអេស៊ីដេន ។
ចំណែកវិញ្ញាសាវាយឯកត្តជនបុរស៖ មេដាយមាសបានទៅលើក្លិបក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធបានទៅលើក្លិបក្រសួងមហាផ្ទៃ និងក្លិបក្រសួងមហាផ្ទៃ។ចំណែកវិញ្ញាសាវាយឯកត្តជននារី៖មេដាយមាសបានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុប មេដាយប្រាក់បានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុប និងមេដាយសំរិទ្ធបានទៅលើក្លិបក្រុមហ៊ុនលីស៊ីងគ្រុប និងក្លិបក្រុមហ៊ុនលីស៊ីងគ្រុប ៕




